លោក គីម​ជុង​អ៊ុន ធ្លាប់​គ្រុនក្តៅ​ខ្លាំង ដោយ​ការឆ្លង​កូ​វីដ​១៩

​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង លោកស្រី Kim Yo Jong បាន​ឲ្យ​ដឹងថា បងប្រុស​ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​គ្រុនក្តៅ ក្នុងពេលដែល​កូរ៉េខាងជើង​កំពុង​ប្រឈម​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់ ។ ប៉ុន្តែ​មេដឹកនាំ​គីម​ជុង​អ៊ុន​នៅតែ​បន្ត​ធ្វើការ ដើម្បី​គ្រប់គ្រង​ការឆ្លង​កូ​វីដ​១៩ ។​

​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​ដកស្រង់​សំដី លោកស្រី គីម​យ៉ូ ជុង ដែល​បានប្រកាស​នៅ​ថ្ងៃទី ១០​ខែសីហា​ថា «​បើទោះបី​ឈឺ​ធ្ងន់ ដោយមាន​អកា​រៈ​គ្រុនក្តៅ តែ​គត់​នៅតែ​មិន​សម្រាក់​ដោយ​បន្តធ្វើ​ការងារ​រហូត​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​នៅក្នុង​ប្រទេស​»​។ លោកស្រី​បន្តទៀតថា នៅពេលនេះ​បងប្រុស​មាន​សុខភាព​ល្អ ជាសះស្បើយ​ទាំងស្រុង​ហើយ​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ ប្អូនស្រី​លោក គីម ជុង​អ៊ុន គំរាម​កម្ទេច​អាជ្ញាធរ​កូរ៉េខាងត្បូង បើ​បន្ត​បញ្ជូន​កូ​វីដ​១៩ ចូល​កូរ៉េខាងជើង​។ ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន គឺ​អ្នកនាង គីម យូ​ចុង បាន​គំរាម​កម្ទេច​អាជ្ញាធរ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រសិនបើ​ពួកគេ​បន្ត​បង្ករឿង​តាមរយៈ​ការបញ្ជូន​វីរុស​កូ​រ៉ូ​ណា​កូ​វីដ​១៩ ចូល​ទឹកដី​កូរ៉េខាងជើង​។​

​ការ​គំរាម​របស់​អ្នកនាង គីម យូ​ចុង ត្រូវបាន​ដកស្រង់​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA និង​ជាការ​ឆ្លើយតប​ទៅនឹង​ទង្វើ​ដែល​អ្នកនាង​ផ្ទាល់ ចោទថា​អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​បញ្ជូន​វីរុស​កូ​រ៉ូ​ណា​កូ​វីដ​១៩ តាមរយៈ​ការបើក​ដៃ​ឱ្យ​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​បង្ហោះ​ខិតប័ណ្ណ​រិះគន់​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ចូលក្នុង​ប្រទេស​កូរ៉េខាងជើង​។ ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​«​យើង​មិនអាច​នៅ​ស្ងៀម​ដោយ​បណ្ដោយឱ្យ​សំរាម​បន្ត​ហូរ ពី​កូរ៉េខាងត្បូង​ទៀត​នោះទេ ហើយនឹង​កម្ទេច​អាជ្ញាធរ​សេ​អ៊ូ​ល ប្រសិនបើ​ពួកគេ​នៅតែ​បង្ករឿង​បែបនេះ​។ វិធានការ​ឆ្លើយតបរ​បស់​យើង​គឺជា​ការសង​សឹក ដ៏​សាហាវ​បំផុត​»​។​

​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​អ្នកនាង គីម យូ​ចុង អាជ្ញាធរ​កូរ៉េខាងត្បូង​បានបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាង គីម យូ​ចុង​ដែល​បាន​ទម្លាក់កំហុស​លើ​ខិតប័ណ្ណ ដែល​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​បង្ហោះ​តាម​បា​ឡុង​ចូល​កូរ៉េខាងជើង​ជា​មូលហេតុ​នៃ​ការឆ្លង​រាលដាល​កូ​វីដ​១៩​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ បានប្រកាស​ពី​ជ័យជម្នះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​បញ្ជា​ឱ្យ លុបចោល​វិធានការ​ទប់ស្កាត់​នានា​ដែល​បាន​ដាក់ចេញ​កាលពី​ខែឧសភា​កន្លងទៅ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close