សប្តាហ៍នេះ កម្ពុជារងប្រព័ន្ធសម្ពាធទាប ខេត្តមួយចំនួនអាចនឹងរងនូវជំនន់ទឹកភ្លៀង
បើតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះ ជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ នៅភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លក្ខណៈបែបខាងលើ នឹងធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែង ជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ។
ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តា តំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួន ដែលកន្លងមក ទទួលបាននូវបរិមាណ ទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ អាចនឹងបន្ថែមបរិមាណ កើនឡើងទៀត ដែលជាហេតុ បង្កើតឡើង នូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍ៈ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។