៧​ខែ ឆ្នាំនេះ​! កម្ពុជា មាន​ទំហំ​ពាណិជ្ជកម្ម​ការនាំចេញ​-​នាំចូល កើនឡើង​ជាង ២១%

​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល​សរុប​របស់​ប្រទេស​កម្ពុជា សម្រេចបាន​ទឹកប្រាក់​ប្រមាណ ៣២,៨២​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល ៧​ខែ​ដំបូង ឆ្នាំ ២០២២​នេះ បាន​កើនឡើង ២១,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។


​បើ​យោងតាម​ស្ថិតិ​របស់​អគ្គា​ន​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ប្រទេស​កម្ពុជា បាន​នាំចេញ​មុខទំនិញ​នានា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ចន្លោះ​ពី​ខែ ដល់​ខែកក្កដា ឆ្នាំនេះ មានតម្លៃ​ទឹកប្រាក់ ១៣,៧៨​ពាន់​លាន​ដុល្លារ បាន​កើនឡើង ៣០,៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក ការនាំ​ចូល​សរុប​វិញ បាន​កើនឡើង ១៥,៤​ភាគរយ ដល់​ទំហំ​ទឹកប្រាក់ ១៩,០៥​ពាន់​លាន​ដុល្លារ នៅក្នុង​អំឡុងពេល​ដូចគ្នានេះ​។​

​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​ផលិតផល​កម្ពុជា ដោយមាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៤៣​ភាគរយ នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា ជាមួយ​ទឹកប្រាក់ ៥,៦៩​ពាន់​លាន​ដុល្លារ បាន​កើន​កើនឡើង ៤៧,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​វៀតណាម និង​ចិន គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២ និង​ទី ៣ ដែល​ទិញ​ទំនិញ​ពី​កម្ពុជា ដែលមាន​តម្លៃ​ទឹកប្រាក់ ១,៣២​ពាន់​លាន​ដុល្លារ និង​៧០១​លាន​ដុល្លារ រៀង​គ្នា​។​

​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ គឺមាន​ចំណែក​ទីផ្សារ​នាំចេញ​ដល់​ទៅជិត ៥០​ភាគរយ​នៃ​ការនាំចេញ​សរុប បន្ទាប់មក​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ និង​ផលិតផល​កសិកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close