ព្រឹត្តិការណ៍​ជិះ​កង់ ដើម្បី​ស្វែងរក​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ឆ្នាំ​ទី​៨ សម្រាប់​បន្ត​បេសកកម្ម​សង្គ្រោះ​ជិវិត​កុមារ​កម្ពុជា ដោយ​មិន​គិត​កម្រៃ​

​ក្រុម​អ្នក​ចូលចិត្ត​កីឡា​ជិះ​កង់ ប្រមាណ​ជាង ១.០០០​នាក់ បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​លើក​ទី​៨ របស់ខ្លួន​ឡើងវិញ នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​” ដោយ​ចាប់​ផ្តើមចេញពី​គ្រឺះ​ស្ថាន​អង្គរ​ផ្លូវ​៦០​ម៉ែត្រ​ក្រុង​សៀមរាប ជិះ​កាត់​ផ្លូវ​ក្នុងព្រៃ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​តំបន់​អង្គរ​។​

​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​គណៈកម្មាធិកា​រ​ជិះ​កង់​ដើម្បី​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​សាយ​ភ្លើង ក្រុមហ៊ុន ចា​យ៉ា​ខេ​ត​ធើ​រីង ក្រុមហ៊ុន​ត្រា​វែ​ល​លូ​ប និង ហាង​លក់​ឬ​ជួល​កង់ អាំង គឹម​សាន្ដ ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ពី​សាធារណជន វិស័យ​ឯកជន និង​ស្ថាប័ន​នានា ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែលមាន​បេសកកម្ម​ព្យាបាល និង​ជួយសង្គ្រោះ​អាយុជីវិត​របស់​កុមារ និង​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា ប្រកបដោយ​គុណភាព ក្តីមេត្តា​ករុណា និង​មិន​គិត​កម្រៃ​។​

​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​នាពេលនេះ គឺជា​សកម្មភាព​មនុស្ស​ធម៌​ដ៏​ពិសេស​មួយ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន និង​សុខភាព ជាពិសេស​គឺ​ការចូលរួមចំណែក​ក្នុង​ការបរិច្ចាក​នូ​វថ​វិការ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ខណៈ​បច្ចុប្បន្ន​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុងមាន​ភាព​មមាញឹក​ក្នុងការ​ជួយសង្គ្រោះ និង​ព្យាបាល​ជំងឺ​ដល់​កុមារ ដែល​កំពុងមាន​ការកើនឡើង​ឥតឈប់ឈរ​ដល់​អ្នកជំងឺ​ធ្ងន់ធ្ងរ ដែលមាន​តម្រូវ​ការព្យាបាល​ដោយ​ឯកទេស​នោះ មាន​ចំនួន​កាន់តែច្រើន ដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធ​ប្រសាទ ជំងឺ​ទារក និង​ជំងឺ​មួយចំនួនទៀត​។​

​លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​បន្ថែមថា ព្រឹត្តិការណ៍​ជិះ​កង់​នាពេល​នេះដែរ ក៏​ជាការ​បង្ហាញ​ឲ្យ​សាធារណៈ​ជូន​ទូទៅ​បានឃើញ​ពី​ការចូលរួម និង​យកចិត្តទុកដាក់ របស់​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​នានា ជុំវិញ​សកម្មភាព​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​នូវ​អាយុជីវិត​កុមារ​កម្ពុជា​យើង​។​

​តំណាង​ឲ្យ​ក្រុម​អ្នកជិះ​កង់​នាពេលនេះ លោក ឆាយ សុភាព បាន​បង្ហាញថា ព្រឹត្តិការណ៍​ជិះ​កង់​សម្រាប់​ពេលនេះ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ខេត្តសៀមរាប ខណៈ​ខេត្ត​នេះ ជា​ខេត្ត​ទេសចរណ៍ ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ដែល​បាន​ទាក់ទាញ​នូវ​រាល់​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កំសាន្ត​ជា​បន្តបន្ទាប់ ក្រោយពី​ស្ថានភាព ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​។

​លោក​បន្តថា ព្រឹត្តិការណ៍​នេះដែរ មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ និង​រៃអង្គាស​ថវិការ​ជួយ​ដល់​មន្ទីរ​ព​ទ្យ​កុមារ​អង្គរ​តែ​ម្យ៉ាង​ទេ តែ​ព្រឹត្តិការណ៍​នេះ ក៏​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​ទេសចរណ៍ ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ កីឡា​ជាតិ​និង​អន្តរជាតិ ជាពិសេស​ស្របតាម​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្នាំ ២០២៣ “Visit Camboida Next 2023” ព្រឹត្តិការណ៍​នេះ ក៏​នឹងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES – ASEAN PARA GAMES 2023 ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ សកម្មភាព និង​ព្រឹត្តិការណ៍​ទាំងនេះ កើតមាន​ឡើងមក​បាន គឺ​ដោយសារតែ​យើង​មាន​សុខសន្តិភាព ហើយ​បើ​យើង​គ្មាន​សុខសន្តិភាព​ទេ នោះ​យើង​ក៏​គ្មាន​ការី​ចម្រើន​ដែរ​។​

​គណៈកម្មាធិការ​ជិះ​កង់​កម្ពុជា លោក ហ៊ុន សុជាតិ បាន​មានប្រសាសន៍​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ស្មារតី​រួម​សា​គ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការងារ​សប្បុរសធម៌​ជា​គំរូ​ប្រសើរ​ប្រពៃ​ណាស់ ដូច​យើង​ដឹង​រួចមកហើយ​នៅ​ខេត្តសៀមរាប​ក៍​ដូចជា​នៅ​ទូទាំងប្រទេស កុមារ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ​ពេល​ឈឺ​ថ្កាត់​តែងតែ​រត់ទៅរក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ ហេតុនេះ​យើង​គប្បី​រួមគ្នា​បន្ត​ការចែករំលែក​ធនធាន​ថវិកា​ផ្ទាល់ខ្លួន តាមរយៈ​សកម្មភាព​ស​ង្គ​ម​នានា ជា​បន្តទៅទៀត​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គ​រក៍​ដូចជា​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ទៅតាម​ល​ទ្ឋ​ភាពជាក់ស្តែង​។

​សូម​ជម្រាបជូន​ថា ព្រឹត្តិការណ៍​ជិះ​កង់​នេះ បាន​ប្រើប្រាស់​ពេលវេលា​ជាង​កន្លះ​ថ្ងៃ ជាមួយនឹង​កម្មវិធី​កំសាន្ត​សប្បាយ​ផ្សេងៗ​ទៀតផង​ដែរ ដើម្បី​ជាការ​ទាក់ទាញ​អ្នកចូលរួម ហើយ​ការ​រៃអង្គាស​មូលនិធិ​សប្បុរស ដើម្បី​ចូលរួម​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដែល​កំពុង​ប្រតិបត្តិការ​មនុស្សធម៌ ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ ខណៈ​ក្នុង​១​ថ្ងៃៗ​មន្ទីរពេទ្យ​មួយ​នេះ បានទទួល​កុមារ​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រមាណ​ជា ៥០០​នាក់ ហើយ​បញ្ហា​ប្រឈម​ចំពោះមុខ​នោះ គឺ​ការលំបាក​ស្វែងរក​ថវិកា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close