ក្រសួង​ការងារ បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៣​។​

​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​លទ្ធផល​ដូច​ខាង ក្រោម​៖

១៖ បានធ្វើ​បទ​បង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​លក្ខណវិនិច្ឆ័យ​ទាំង​៧ ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៣​។​

២៖ បាន​ស្តាប់​គោលជំហរ​ពី​តំណាង​ភាគី​នីមួយៗ​ទៅលើ​បម្រែបម្រួល​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ប៉ុន្តែ​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្មករនិយោជិត មិនទាន់​អាច​បញ្ជាក់បាន​នូវ​តួលេខ​ដែលជា​គោលជំហរ​ផ្លូវការ​របស់ខ្លួន​នៅឡើយ ដោយ​ស្នើសុំ​ប្រជុំ​ផ្ទៃក្នុង​របស់ខ្លួន​ម្តងទៀត​សិន​។​

៣៖ នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី​២៤, ទី​៣១ ខែសីហា​, ទី​៧, ទី​១៤, ទី​២២ និង​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close