រដ្ឋមន្ត្រីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មាន ជាមួយក្រុមហ៊ុនមិត្តហ្វូន លើការបំពាក់អ៊ីនធឺណិត សាលារៀន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់-ទទួលប្រព័ន្ធសន្និសីទវីដេអូ (Video conference system) សម្រាប់ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង។
ការបំពាក់ប្រព័ន្ធសន្និសីទវីដេអូនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន វៀតធេល (ខេមបូឌា) ទាំងផ្នែកសម្ភារៈ និងបច្ចេកទេស ដែលសហការដោយផ្ទាល់ជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង។ ប្រព័ន្ធសន្និសីទវីដេអូនេះ បានប្រគល់ជូនក្រសួងចំនួន០១ឈុត និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តចំនួន២៥ឈុត ដែលឈុតនីមួយៗមានប្រព័ន្ធវីដេអូ០១ឈុត (កាមេរ៉ា និងឧបករណ៍ស្រូបសំឡេង) ទូរទស្សន៍ឆ្លាតវៃទំហំ៥៥អ៊ីងចំនួន០១ ខ្សែភ្ជាប់ពីទូរទស្សន៍ទៅកុំព្យូទ័រចំនួន០១ខ្សែ និងអាជ្ញាប័ណ្ណកម្មវិធី ZOOM រយៈពេល០១ឆ្នាំសម្រាប់អ្នកគ្រប់គ្រងរួមនៅទីស្ដីការក្រសួង ហើយប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីខែសីហា ឆ្នាំ២០២២ នេះតទៅ សម្រាប់បម្រើការប្រជុំនានា តាមប្រព័ន្ធអនឡាញរបស់ថ្នាក់ដឹកនាំក្រសួង ជាមួយអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រើប្រាស់ក្នុងគោលដៅលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ។
ថ្លែងនៅក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ជាមួយក្រុមហ៊ុនមិត្តហ្វូននាពេលកន្លងមករួមមាន ការបំពាក់អ៊ីនធឺណិតសម្រាប់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ ការបំពាក់ប្រព័ន្ធសន្និសីទវីដេអូសម្រាប់ទីស្ដីការក្រសួងក្នុងកំឡុងវិបត្តិកូវីត-១៩ ការបំពាក់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) និងការគាំទ្រផ្នែកបច្ចេកទេសផ្សេងៗទៀតសម្រាប់ក្រសួង ដែលជាដៃគូមួយដ៏សំខាន់របស់ក្រសួងក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅប្រទេសកម្ពុជា។
លើសពីនេះទៀត ឯកឧត្ដមក៏បានអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូន និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងដែលបានបំពាក់ដោយជោគជ័យនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈបានចំនួន ២៦៥គ្រឹះស្ថាន ហើយប្រព័ន្ធនេះកំពុងមានអ្នកប្រើប្រាស់ជាគ្រូបង្រៀនសរុបចំនួន ១៦ ០៧០នាក់ សិស្សចំនួន ៣១៨ ០៨០នាក់ និងអ្នកអាណាព្យាបាលសរុបចំនួន ៤១៥ ១០៥នាក់។
ឯកឧត្ដម ក៏បានផ្ដល់អនុសាសន៍គាំទ្រឲ្យខិតខំពង្រីកវិសាលភាពនៃគម្រោងបន្ថែមទៀតឲ្យបានទៅដល់សិស្សជិត២លាននាក់ នៅឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។