ការព្យាករណ៍​៖ ខេត្តសៀមរាប នឹង​ទទួលបាន​ភ្ញៀវ​សរុប​ជាង ២​លាន​នាក់ ក្នុង​ឆ្នាំ​២០២២​នេះ​

​ភ្នំពេញ​៖ តាម​ការព្យាករណ៍​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០២២ ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នឹង​ឡើងដល់​ចំនួន​២,២៧៨,៨៥៤​នាក់ ខណៈ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២​នេះ ខេត្តសៀមរាប​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន​១,២៤២,៨៥៤​នាក់​រួចទៅហើយ​។​

​នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា «​តាម​ការព្យាករណ៍​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០២២​នេះ ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នឹង​ឡើងដល់​ចំនួន​២,២៧៨,៨៥៤​នាក់​»​។ ចំនួន​ជាង​២​លាន​នាក់​ដែលជា​កា​រំពឹងទុក​នេះ នឹង​កើនឡើង​ក្នុង​អត្រា​៣២៦.៧៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​៥៣៤,០០៥​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា នៅ​ដំណាច់ឆ្នាំ​២០២២​ខាងមុខនេះ ភ្ញៀវទេសចរ​ជាតិ​នឹង​ឡើងដល់​ចំនួន​២,០៣៩,០០០​នាក់ កើនឡើង​២៩១.២៦% ហើយ​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​នឹង​ឡើងដល់​ចំនួន​២៣៩,៨៥៤​នាក់ កើនឡើង​១៧៦៣.២៣%​។​

​ឯកឧត្ដម ថោង ខុន បានបញ្ជាក់​ទៀតថា ដើម្បី​ចូលរួម​ជំរុញ​ដល់​កំណើន​នេះ ក្រសួងទេសចរណ៍​បាន​កំពុង​ពិភាក្សា​ជា​ក្រសួង​/​ប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​អំពី​លទ្ធភាព​ក្នុងការ​បង្កើត «​កញ្ចប់​ទស្សនកិច្ច​ពិសេស​» ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនដង​។​

​នៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​មាន​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​កំពុងបើក​ដំណើរការ​អាជីវ​កម្មស​រុ​ប​ចំនួន​៥៤៨​កន្លែង ស្មើនឹង​៤៦%​នៃ​អាជីវកម្ម​ទេសចរ​ណ៏​សរុប​ក្នុង​ខេត្ត​មាន​ចំនួន​១១៨៧​កន្លែង​។ នេះ​បើតាម​ការបន្ថែម​របស់​ឯកឧត្ដម ថោង ខុន​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ក៏បាន​យកចិត្តទុកដាក់​ចំពោះ​ធនធានមនុស្ស​ដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ ដោយ​លោក​បាន​ចាត់​ក្រុមការងារ​ក្រសួងទេសចរណ៍​ឱ្យ​ចុះ​ពិនិត្យ​ជំហាន​ទី​២ ដើម្បី​វាយតម្លៃ​ពី​គុណភាព សេវាកម្ម និង​បដិសណ្ឋារកិច្ច ក៏ដូចជា​ផ្ដល់​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បន្ថែមទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close