គយ​កម្ពុជា អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ ដែល​ចុះបញ្ជី​រួច សូម​ប្រញាប់​មក​បង់ពន្ធ​ឱ្យបាន​ឆាប់

​ភ្នំពេញ​៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ខ្លួន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ ដែល​បាន​ចុះបញ្ជី​រួចរាល់ សូម​ប្រញាប់​រួសរាន់​ចូល​បង់ពន្ធ​ឱ្យបាន​ឆាប់ ចៀសវាង​ការឃាត់​សួរ​តាម​ដងផ្លូវ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា បន្ទាប់​ពី​ការសម្រេច​ដ៏​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្តីពី​ការអនុញ្ញាតឱ្យ​ប្រមូល​ពន្ធ និង​អាករ​លើ​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​ដែល​នៅ​សេសសល់ ដោយ ពុំ​តម្រូវឱ្យ​កែ​ចង្កូត​, ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្រប់​ប្រភេទ បាន​យក​រថយន្ត​គ្មាន​ពន្ធ​របស់ខ្លួន មក​បង់ពន្ធ​និង​អាករ ឬ​ចុះបញ្ជី​ជា​បន្តបន្ទាប់ នៅតាម​បណ្តា​អង្គភាព​គយ និង​រដ្ឋាករ​ពាក់ព័ន្ធ​។​

​បន្ទាប់ពី​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ នូវ​ការអនុញ្ញាតឱ្យ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុងប្រទេស ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​ដែល​ម្ចាស់​បាន​យកមក​ចុះបញ្ជី​រួច​ត្រូវបាន ទុក​ពេលវេលា​រហូតដល់ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ឱ្យបាន​រួចរាល់​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា «​សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​ចុះបញ្ជី​រួច​តែ​មិនទាន់បាន​បង់ពន្ធ និង​អាករ​​ត្រូវ​រួសរាន់​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​លើ​រថយន្ត​របស់​ខ្លួន​ឱ្យបាន​ឆាប់ ដើម្បី​ចៀសវាង​ការឃាត់​សួរ​ដោយ​មន្ត្រី​គយ និង​រដ្ឋាករ មាន​សមត្ថកិច្ច​ជាយ​ថា ហេតុ​ពេល​កំពុង​ចរាចរ​តាម​ដងផ្លូវ ដែល​អាច​បង្ក​ជាការ​រំខាន​នានា ហើយក៏​ដើម្បី​ចៀសវាង​ការ​ភ្លេច ឬ​ខក​ខានមក​បំពេញ​កាត​ព្វ​កិច្ច​ពន្ធ និង​អាករ​តាម​កាលកំណត់ ដែល​អាច​បណ្ដាល​ឱ្យទទួល​រង​នូវ​វិធានការ​នានា​ជា​បន្តបន្ទាប់​»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បន្ថែមទៀតថា ខ្លួន​កំពុង​ចាត់វិធានការ​ចុះបង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​នៅ​សេសសល់ ដែល​ម្ចាស់​មិន​បានមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​ចុះបញ្ជី​ក្នុង​រយៈពេល​ដែល​បានអនុញ្ញាត​កន្លងមក ហើយ​រថយន្ត​ចង្កូត​ស្តាំ ដែល​បង្ក្រាប​បានជា​មុខសញ្ញា​នៃ​ការ​រឹបអូស​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close