សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ី​ភី អ​ល (CP All) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នេះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ក​ស័ក្ដិ ឆ័យ​រ៉ា​ក់​ស្ម៊ី​ស័ក្ដិ (Korsak Chairasmisak) ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ី​ភី អ​ល (CP All) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​។​

​លោក ក​ស័ក្ដិ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ដឹកនាំ​កម្ពុជា ទទួលបាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស រាជធានី​ភ្នំពេញ មានការ​រីកចម្រើន​ជា​លំដាប់ និង​ឆាប់រហ័ស​ជាទីបំផុត​។
​លើសពីនោះ​ទៀត លោក​ការ​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការផ្ដល់ជូន​សម្ដេច​តេ​ជោ​នៅ​អាហារូបករណ៍​ថ្នាក់​បរិញាបត្រ​ចំនួន​១០ និង​អាហារូបករណ៍​សម្រាប់​ថ្នាក់​បច្ចេកទេស​ចំនួន​១១ ហើយ​លោក​បាន​ជម្រាបជូន​ថា រាល់​ការចំណាយ​ទាំងអស់ លោក​នឹង​ផ្គត់ផ្គង់​ជូន​សម្រាប់​អាហារូបករណ៍​ទាំង ២០​នេះ​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ល្បែង​យុទ្ធសាស្ត្រ​ហ្គោល ដែលជា​ល្បែង​មួយ​មាន​ប្រភព​ចេញមក​ពី​ប្រទេស​ចិន​ប្រមាណ​ជា ៣០០០​ឆ្នាំ​មកហើយ ហើយ​លោក សព្វថ្ងៃ គឺជា​អ្នក​បង្ហាត់បង្រៀន​ល្បែង​យុទ្ធសាស្ត្រ​នេះ ។ ​លោក​ក៏បាន​គោរព​ជូន​សម្ដេច​តេ​ជោ នូវ​ការចូលរួម​របស់​កុមារ​ចំនួន ៣០​នាក់ ទៅ​រៀន​ល្បែង​យុទ្ធសាស្ត្រ​នេះ​នៅ​ប្រទេស​ថៃ ហើយ​សម្រាប់ ៣០​នាក់​នេះ គឺ​ជ្រើសរើស​កុមារ​អាយុ​ចាប់ពី ១០​ឆ្នាំ​ដល់ ១២​ឆ្នាំ ។ លោក​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ដែលថា លោក​នឹង​ផ្ដល់ជូន​នូវ​រាល់​ការចំណាយ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការបញ្ជូន​កុមារ​ទៅ​រៀន​លេងល្បែង​ហ្គោល​នៅ​ប្រទេស​ថៃ​នេះ​។

លោក​បាន​បញ្ជាក់ថា ល្បែង​យុទ្ធសាស្ត្រ​ហ្គោល​នេះ គឺ​ខ្មែរ​យើង​ហៅថា អុក​ចិន ដែលមាន​កូនគ្រាប់​ពណ៌​ខ្មៅ និង​ពណ៌​ស ដែល​ដើរ​ព័ទ្ធ​គ្នា​ដើម្បី​យកជ័យ​ជំនះ​។ ​លើសពីនោះ​ទៅទៀត លោក ក​ស័ក្ដិ ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​កម្ពុជា​នៅពេលនេះ ដើម្បី​ស្វែងរក​សក្តានុពល ធ្វើការ​វិនិយោគ​បន្ថែម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ក្នុងន័យនេះ លោក​បាន​គោរព​សុំ​អនុសាសន៍​ពីស​ម្ដេច​តេ​ជោ លើ​ទិសដៅ​ដែល​លោក​អាច​វិនិយោគ​នៅ​កម្ពុជា​បាន ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​លោក ក​ស័ក្ដិ ដែល​បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយ​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ការ​សាក់​ដែរ ចំពោះ​អាហារូបករណ៍ និង​ការ​ផ្ដល់ឱកាស​ឱ្យ​កុមារ​កម្ពុជា បាន​ទៅ​រៀន​លេងល្បែង​យុទ្ធសាស្ត្រ​ដែល​ឈ្មោះថា ហ្គោល នៅ​ប្រទេស​ថៃ​។​ពាក់ព័ន្ធ​នឹង​ករណីនេះ សម្តេច​តេ​ជោ បាន​ណែនាំ​ឲ្យ​លោក ក​ស័ក្ដិ បន្ត​ធ្វើការ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ សុខ ចិន្ដា​សោភា ពាក់ព័ន្ធ​និង​ការវិនិយោគ​នៅ​កម្ពុជា ។ ពាក់ព័ន្ធ​នឹង​អាហារូបករណ៍ និង​ល្បែង​យុទ្ធសាស្ត្រ​នេះ សូម​ធ្វើការ​ជាមួយ​ឯកឧត្ដម បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ទិសដៅ​វិនិយោគ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ជូន​លោក ក​ស័ក្ដិ ពិនិត្យ​ពិចារណា​ធ្វើការ​វិនិយោគ​លើ​ការផលិត​ក្រដាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា ក្រដាស គឺជា​សម្ភារៈ​ដែល​ត្រូវការ​ចាំបាច់ ហើយក៏​មាន​តម្រូវការ​កើន​ឡើងជា​លំដាប់​។ ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ បានស្នើ​សុំឱ្យ​លោក ក​ស័ក្ដិ ពិនិត្យមើល​ការបង្កើត​រោងចក្រ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា ព្រោះថា ជីសរីរាង្គ គឺជា​ជី​មួយ​ដែល​អាច​ប្រើប្រាស់​ធ្វើ​ការដាំដុះ​ដំណាំ ហើយ​ផ្ដល់នូវ​គុណភាព​ដំណាំ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close