ស្រីលង្កា មិនបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្ន ក្រោយស្ថានភាពមានស្ថិរភាព
កូឡុំបូ៖ ប្រទេសស្រីលង្កា នឹងមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាល ខណៈដែលស្ថានភាពនៅក្នុងប្រទេសក្រីក្រមួយនេះ “មានស្ថេរភាព” នេះជាអ្វីដែលការិយាល័យប្រធានាធិបតីបញ្ជាក់ ។
លោកប្រធានាធិបតី Ranil Wickremesinghe បានអំពាវនាវឱ្យមានច្បាប់តឹងតែងនេះ រយៈពេល ៤ ថ្ងៃ បន្ទាប់ពីអតីតប្រធានាធិបតីបានភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែង កាលពីថ្ងៃទី ១៤ ខែកក្កដា បន្ទាប់ពីការតវ៉ាជាច្រើនខែជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
ភាពអាសន្នដែលដាក់ដោយ លោក Wickremesinghe គ្រោងនឹងត្រូវលុបចោល នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ហើយលោកមានអំណាចដើម្បីបន្តការដាក់រដ្ឋក្នុងគ្រាអាសន្នបាន រៀងរាល់ខែ បន្ទាប់ពីនោះ។
កាលពីថ្ងៃទី១៦ សីហា ២០២២ ការិយាល័យរបស់លោកប្រធានាធិបតី Wickremesinghe បានដកស្រង់សំដីលោកថា “ស្ថានភាពនៅក្នុងប្រទេសមានស្ថេរភាព មិនចាំបាច់ដាក់បញ្ចូលស្ថានភាពក្នុងគ្រាអាសន្នឡើងវិញទេ ដោយវានឹងអស់សុពលភាព ក្នុងសប្តាហ៍នេះ” ។
បទប្បញ្ញត្តិគ្រាអាសន្នអនុញ្ញាតឱ្យកងទ័ព និងនគរបាលចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យ ក្នុងរយៈពេលយូរ។ តែការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថា ជាជំហានដ៏ឃោរឃៅ ដែលអនុញ្ញាតឱ្យប្រធានាធិបតីបង្កើតបទប្បញ្ញត្តិនិងកម្រិតសេរីភាពរបស់ពលរដ្ឋ ដោយមិនចាំបាច់មានការត្រួតពិនិត្យតាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។