ក្រសួង​សេដ្ឋកិច្ច​៖ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​រឿង​គ្រឿងញៀន ២.៥​គីឡូក្រាម នៅ​ស្រុក​រលាប្អៀរ មិនមែនជា​បុគ្គលិក នៅ​រតនាគារ​ខេត្តកំពង់ឆ្នាំង​ឡើយ​

​ភ្នំពេញ​៖ អគ្គលេខាធិការ​ដា្ឋ​ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីបំភ្លឺ ពាក់ព័ន្ធ​ការចុះផ្សាយ​ព័ត៌មាន លើ​ករណី​បង្ក្រាប​គ្រឿងញៀន នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ដោយ​អះអាងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មិនមែនជា​បុគ្គលិក នៅ​រតនាគារ​ខេត្តកំពង់ឆ្នាំង​ឡើយ​។​

​ក្នុង​សេចក្ដីបំភ្លឺ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​អង្គភាព​សារព័ត៌មាន Online ក្នុងស្រុក​មួយចំនួន អំពី​ការបង្ក្រាប​គ្រឿងញៀន នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​ក្នុង​ខ្លឹមសារ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ វ​ណ្ណះ បញ្ញា​វឌ្ឍន៍ អាយុ ២៦​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​បម្រើ​ការងារ នៅ​រតនាគារ​ខេត្តកំពង់ឆ្នាំង​។​

​បន្ទាប់ពី​បានឃើញ​ការចុះផ្សាយ​អត្ថបទ​ព័ត៌មាន​ខាងលើ អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញថា មិនមាន​ឈ្មោះ​ដូច​បុគ្គល​ខាងលើ​ឡើយ​។​

​ក្នុងន័យនេះ អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​ខាងលើ និង​សូមបញ្ជាក់ថា​បុគ្គល​ឈ្មោះ វ​ណ្ណះ បញ្ញា​វឌ្ឍន៍ មិនមែនជា​បុគ្គលិក នៃ​រតនាគារ​ខេត្តកំពង់ឆ្នាំង ដូចដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ឡើយ​។​

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប និង​កុំ​មានការ​ភ័ន្តច្រឡំ​ចំពោះ អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​។​

​ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​អំពាវនាវ​ដល់​ប​ណ្តា​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ខាងលើ សូម​ធ្វើការ​ចុះផ្សាយ​កែតម្រូវ​ព័ត៌មាន​ខាងលើ​ឡើងវិញ និង​សូម​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​ការចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មិនបាន​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ក្នុងចំណោម​សាធារណមតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close