ក្រសួងអប់រំ ប្រកាសត្រៀមការប្រឡងឌីប្លូម និងបាក់ឌុបហើយ!
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថាក្រសួងអប់រំបានត្រៀមខ្លួនពីបច្ចុប្បន្នភាពសំខាន់មួយលើវិស័យអប់រំនោះគឺការត្រៀមខ្លួនរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២២ ហើយគ្រោងប្រកាសលទ្ធផលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅថាឌីប្លូមវិញ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ខាងមុខ។
ការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងដោយ ឯកឧត្តម រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះដែរ មន្ត្រីនាំពាក្យក្រសួងអប់រំរូបនេះបានផ្ញើសារដល់បេក្ខជនដែលត្រូវប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រងត្រាប់ស្តាប់ឱវាទពីសំណាក់ មាតាបិតារបស់ប្អូនៗនិងក្មួយៗ។
ឯកឧត្តម រស់ សុវាចា បានថ្លែងដោយបញ្ចាក់ថា”ក្រៅពីការបន្តរៀនប្រឡងឌីប្លូម និងបាក់ឌុប ហើយ បេក្ខជនប្រឡងទាំងអស់គឺត្រូវតែបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុតនូវគោលការណ៍នានាតាមក្រសួង សុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ទន្ទឹមនឹងនោះសូមប្អូនៗនិងក្មួយៗ បន្តគោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់ ថ្នាំញៀន ខុសច្បាប់ និងបារីគ្រប់ប្រភេទដើម្បីរក្សាសុខភាព និងអាយុជីវិតដើម្បីអាចឈានជើងជើងទៅប្រឡងឌីប្លូម និងបាក់ឌុបនៅពេលខាង មុខឆាប់ៗនេះ”។
គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូមនាឆ្នាំ២០២០-២០២១ ហើយកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ វិច្ឆិកា ២០២១។ មានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់)មណ្ឌលប្រឡងចំនួន ១៧២២និងបន្ទប់ប្រឡងចំនួន ៧៣២៧ ។ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិញ ក្នុងឆ្នាំសិក្សា ២០២០-២០២១មាន បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។