៧ខែ ឆ្នាំ២០២២! ខេត្តសៀមរាប ទទួលភ្ញៀវអន្តរជាតិជាង ៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង ១លាននាក់
ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។ យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបយ៉ាងដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។