សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ១៨គីឡូក្រាម និងចាប់ខ្លួនជនជនសង្ស័យម្នាក់
ភ្នំពេញ៖ កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន) ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យក រួមមាន កេតាមីន(KETAMIN) ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១២.៦១ក្រាម, អ៊ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ ១៧គីឡូក្រាម និង៨៦៤.០៤ក្រាម។ សរុបសារធាតុញៀន ១៨គីឡូក្រាម និង ៣២៤.៥៩ក្រាម និងម៉ូតូ១គ្រឿង។
ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។