ស្លាប់ និងរបួសជាច្រើន ដោយភ្លើងឆេះព្រៃនៅអាលហ្សេរី
មន្ត្រីអាលហ្សេរី នៅថ្ងៃទី ១៧ខែសីហា បានផ្សាយថា ភ្លើងឆេះព្រៃ បានរាលដាលទ្រង់ទ្រាយធំនៅក្នុងខេត្តចំនួន១៤នៅភាគខាងជើងប្រទេសនេះ បណ្តាលឲ្យមនុស្ស ២៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាលហ្សេរី លោក Kamel Beldjoud បានប្រកាសថា មានមនុស្ស២៦នាក់ស្លាប់ ក្នុងភ្លើងឆេះព្រៃ នៅក្នុងខេត្តចំនួនពីរ គឺ ខេត្ត Sétif និង El Tarf ភាគឦសាន្តនៃប្រទេសនេះ ជាប់ព្រំដែនប្រទេសទុយណេស៊ី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សជាច្រើន រងរបួសដោយការរលាកភ្លើង។
កន្លងមក ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្ស ៤នាក់ត្រូវរលាកភ្លើង និង ៤១នាក់ធប់ដង្ហើម ស្ថិតនៅក្នុងតំបន់ Souk Ahras ជាស្រុកមួយជាប់ព្រំដែនទុយណេស៊ី។ ពលរដ្ឋនៅក្នុងស្រុកនេះ បានសម្រេចចាកចេញពីផ្ទះសម្បែងទៅកាន់តំបន់សុវត្ថិភាព។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានផ្សាយថា មាន៣៥០គ្រួសារបានចាកចេញពីផ្ទុះនៅក្នុងតំបន់ Souk Ahras ទៅកាន់តំបន់សុវត្ថិភាព ក្នុងពេលដែលកម្លាំងសន្តិសុខបានសម្រេចបិទផ្លូវចេញចូលក្នុងរំបន់នេះ។
តាមក្រុមសន្តិសុខនៃប្រទេសអាលហ្សេរី បានឲ្យដឹងថា មានអណ្តាតភ្លើងឆាប់ឆេះ៣៩កន្លែង ក្នុងខេត្តចំនួន១៤ នៅក្នុងប្រទេសអាលហ្សេរី។ នៅក្នុងខេត្ត El Tarf មានភ្លើងឆេះព្រៃច្រើនជាងគេបំផុត ដោយមាន១៦កន្លែង ក្នុងនោះមានច្រើនកន្លែងមិនទាន់គ្រប់គ្រងបាននៅឡើយ។ នៅក្នុងខេត្តនេះមានពលរដ្ឋប្រមាណ ៥០នាក់ចូលទៅកាន់មន្ទីរពេទ្យ ។
គិតចាប់តាំងពីដើមខែសីហាមកទល់ពេលនេះ មានអណ្តាតភ្លើងឆាប់ឆេះព្រៃឈើ១០៦កន្លែងនៅក្នុងប្រទេសអាលហ្សេរី បំផ្លាញព្រៃឈើជាង៨០០ហិត្តានិង ១៨០០ហិត្តា វាលស្មៅ ក្នុងនោះមានអណ្តាតភ្លើងឆាប់ឆេះមួយកន្លែងបង្កឡើងដោយមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។