សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនមនុស្សជាង ៤០នាក់ ករណីលក់ និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់
ស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងលក់ និងប្រើប្រាស់បារី អេឡិចត្រូនិចខុសច្បាប់ចំនួន ៣ទីតាំង និងបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ និងអ្នកប្រើប្រាស់ប្រមាណជិត ៤០នាក់ថែមទៀត កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លើទីតាំងចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែងក ក្រុងស្ទឹងត្រែង ។
សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឲ្យដឹងថា ម្ចាស់ទីតាំងទាំង ៣នាក់ខាងលើ ត្រូវជាឪពុក ម្ដាយ និងកូន មានឈ្មោះ ធឹម ពិសី ភេទស្រី អាយុ៣០ឆ្នាំ (កូន), ឈ្មោះ ឡាន ចន្ថា ភេទប្រុស អាយុ៦០ឆ្នាំ (ឪពុក) និងឈ្មោះ សុខ លាង ភេទស្រី អាយុ៥៩ឆ្នាំ (ម្តាយ) ទាំង៣នាក់ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សមត្ថកិច្ច បញ្ជាក់ថា ទីតាំងដែលបង្ក្រាបខាងលើ បានលក់ និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ សុទ្ធសឹងជារបស់ឈ្មោះ អូន ពិសី (ត្រូវជាកូន)។
ប្រភព បានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបីទីតាំងខាងលើ សមត្ថកិច្ចបានដក ហូតសម្ភារ ដែលលក់ដោយខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ ជាច្រើនប្រភេទ និងរីឯម្ចាស់ទីតាំងទាំង ៣នាក់ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្តតាមនិតិវិធី។
ចំណែកមនុស្សជិត ៤០នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់នេះ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះ ក្រោយសមត្ថកិច្ចធ្វើការសាកសួរ និងពិនិត្យរកសារធាតុញៀន ពុំបានរកឃើញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។