អបអរសាទរ​! ​កម្ពុជា ឈ្នះ​ការប្រកួត​ជុំ​ទី​១ ត្រៀម​បន្តទៅ​វគ្គ​បន្ទាប់ នៃ​ការប្រកួត​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ ABU Robocon ឆ្នាំ​២០២២

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ក្រុម​កម្ពុជា​យើង ដែលមាន​និស្សិត​ឆ្នើម​មកពី​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​តំណាង បាន​ចូលរួម​ការប្រកួត​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ ABU Robocon ឆ្នាំ​២០២២ ជាមួយ​បណ្តា​ប្រទេស​ចំនួន ១២ ផ្សេងទៀត ដែល​តំណាង​ដោយ​សាកលវិទ្យាល័យ​ល្បីៗ​របស់ខ្លួន​។

​នៅក្នុង​ការប្រកួត​ក្នុង​ជុំ​ទី​១ ក្រុម​កម្ពុជា​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ដោយបាន​យកឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៦៥ ទល់នឹង ៤៥ ហើយ​បន្ត​យកឈ្នះ​លើ​ក្រុម​ហ្វី​ជី​ក្នុង​លទ្ធផល ៦៥ ទល់នឹង ២៥​។ លទ្ធផល​នេះ​នឹង​អនុញ្ញាតឱ្យ​កម្ពុជា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ ដែល​នឹង​ធ្វើឡើង​បន្ទាប់ពី​ជុំ​ទី​១ ត្រូវបាន​បញ្ចប់​។

​គូសបញ្ជាក់​ផងដែរ​ថា ក្រុម​រ៉ូ​បូត CADT 01 មកពី​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ទទួលបាន​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​៩ ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​២៦ មិថុនា ២០២២ ដែល​ធ្វើឱ្យ​ពួកគាត់​មានឱកាស​ចូលរួម​ការ​ប្រកួត​តំណាងឱ្យ​កម្ពុជា នាពេលនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close