សមត្ថកិច្ចគ្រោងបិទកំណាត់ផ្លូវជាតិលេខ៦អា ទុកឲ្យគណៈប្រតិភូឆ្លងកាត់ទៅចូលរួមប្រារព្ធខួប២ធ្នូ
ភ្នំពេញ៖កំណាត់ផ្លូវជាតិលេខ៦អា ចាប់ពីចាប់ពីស្ពានព្រែកតាមាក់ (ខាងផ្លូវជាតិលេខ៦) កាត់តាមផ្លូវជាតិលេខ៨ រហូតដល់ស្រុកឆ្លូង ខេត្តក្រចេះ នឹងត្រូវបានបិទសម្រាប់រថយន្តធុនធំចាប់ពីព្រឹកថ្ងៃទី០១ធ្នូ ឆ្នាំ ២០១៨ រហូតដល់រសៀលថ្ងៃ០២ធ្នូ ដើម្បីផ្ដល់លទ្ធឲ្យក្បួនរថយន្តគណៈប្រតិភូធ្វើដំណើរទៅកាន់វិមានអនុស្សាវរីយ៍ ២ធ្នូ ដែលមានទីតាំងនៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននាព្រឹកថ្ងៃទី៣០វិច្ឆិកា នេះថា ការផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នសម្រាប់កំណាត់ផ្លូវខាងលើនេះ នឹងអនុវត្តចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី០១ ខែធ្នូ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសម្រួលចរាចរណ៍ និងការធ្វើដំណើរ របស់គណៈប្រតិភូ មន្ដ្រី និងអ្នកដែលទៅចូលរួមកម្មវិធីអបអរសាទរ «រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលប្រារព្ធធ្វើនៅ វិមានរម្លឹកអនុស្សាវរីយ៍ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី០២ធ្នូ ឆ្នាំ ២០១៨ នេះ គឺជាខួបលើកទី៤០ហើយ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ០២ ធ្នូ ឆ្នាំ ១៩៧៨ ។ ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតី សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាច្រើននាក់ទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។