សូម​ប្រុងប្រយ័ត្ន​! ជាមួយនឹង​ការប្រើប្រាស់​កម្មវិធី​គេហទំព័រ ដែលមាន​នៅក្នុង​កម្មវិធី TikTok

(​បច្ចេកវិទ្យា​)៖ កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok (in-app browser) មាន​បង្កប់​ជាមួយ​កូដ JavaScript ដែល​អាច​ទាញយក​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​វាយ​បញ្ចូល​តាមរយៈ​ក្ដារ​ចុច​។​

​អ្នកស្រាវជ្រាវ​បានចាត់ទុក​កូដ​ដែលមាន​នៅក្នុង​កម្មវិធី TikTok គឺ​វា​ស្មើនឹង​ការ​លួច​ដំឡើង​កម្មវិធី keylogger ទៅក្នុង​កម្មវិធី​គេហទំព័រ​មួយចំនួន ដែល​ជនខិលខូច​តែងតែ​ប្រើ​ដើម្បី​លួច​ទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​ក៏បាន​បញ្ជាក់ដែរថា កូដ​នេះ​អាច​លួច​យក​ទិន្នន័យ​សំខាន់ៗ​មានដូចជា លេខ​សម្ងាត់ និង​លេខ​ប័ណ្ណឥណទាន​ជាដើម​។​

​ដើម្បី​ជៀសវាង​ពី​ការ​លួច​ទាញយក​ទិន្នន័យ អ្នកស្រាវជ្រាវ​បាន​ណែ​នាំឱ្យ​អ្នកប្រើប្រាស់​បើក​តំណ​ភ្ជាប់​ទាំងឡាយណា​ដែលមាន​នៅក្នុង​កម្មវិធី ជាមួយនឹង​កម្មវិធី​គេហទំព័រ​របស់​កុំព្យូទ័រ ឬ​ទូរ​សព្ទ​មានដូចជា Safari វិញ ព្រោះ​សូម្បីតែ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី Facebook និង Instagram ក៏មាន​បង្កប់​មកជា​មួយ​នូវ​កូដ​ដែល​អាចឱ្យ​ពួកគេ​តាមដាន​ការប្រើប្រាស់​របស់លោក​អ្នក​បាន​ផងដែរ​៕

​ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close