ស្ពាន​អាកាស ២​ទីតាំង​ថ្មី​ទៀត នឹង​លេច​រូបរាង នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​

​ភ្នំពេញ​៖ ស្ពាន​អាកាស​២​ទីតាំង​ថ្មី​ទៀត នឹង​បង្អួតរាង​នៅក្នុង​រាជធានី​ភ្នំពេញ នាពេល​ឆាប់ៗ​នេះ ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ ពោលគឺ​នៅ​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២២ ខាងមុខនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស ២​ទីតាំង​ថ្មី​នេះ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា បើតាម​កម្មវិធី​ដែល​បាន​ព្រៀងទុក នៅ​រសៀល​៣០ ខែសីហា ឆ្នាំ​២០២២​ខាងមុខនេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ​ក្នុង​ពិធី​ក្រុង​ពលី បញ្ចុះបឋមសិលា​សាងសង់​ស្ពាន​អាកាស​ទាំង​២​ទីតាំង​នេះ នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស ២​ទីតាំង​ថ្មី​នេះ​តែម្តង ។​

​គម្រោង​នៃ​ការសាងសង់​ស្ពាន​អាកាស​ទាំង​២ ព្រមៗ​ជាមួយគ្នានេះ​ធ្វើឡើង​ដោយ​ទទួលបាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន ២​ទីតាំង គឺ ទី​១-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ប្រសព្វ​រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​មុ​នី្ន​វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១)​។ ទី​២- សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ស្តុ​ប​ស៊ិន​ជូ​រី​ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។​

​បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៨​កន្លែង គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ស្ពាន​អាកាស​៧​មករា​, ស្ពាន​អាកាស​៥​មករា​, ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​, ស្ពាន​អាកាស​ចោមចៅ​, ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥​គីឡូម៉ែត្រ​លេខ​៦ ដែល កំពុង​មមាញឹក​ក្នុងការ​សាងសង់ ហើយ​នៅពេល​ស្ពាន​អាកាស​២​នេះ​រួចរាល់ រាជធានី​ភ្នំពេញ​នឹងមាន​ស្ពាន​អាកាស​ចំនួន​១០ ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ​ជូន​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close