ឆ្នាំ២០២២នេះ! សត្វត្រយងចង្កំក-ស កើនឡើង ៣៣០ក្បាល នៅដែនជម្រកសត្វព្រៃសំបូរ ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ
ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ខណៈក្រុមស្រាវជ្រាវបានបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះសម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ។
លទ្ធផលនេះ គឺជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះនៅតំបន់មេគង្គ។ ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។
សត្វត្រយងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្ននៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។
លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។
គួរកត់សម្គាល់ផងដែរថាតំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរ ពោលគឺមានចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។