រកឃើញសារធាតុអាសបេស្តូស នៅក្នុងម្សៅលាបទារក និងកុមារ ដែលវានឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកើតជំងឺមហារីក
ភ្នំពេញ៖ នាថ្ងៃទី២៣ សីហា ម្សិលមិញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បន្ទាប់ពីចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួនមានវត្តមានសារធាតុអាបេស្តុស (ដូចមានក្នុងតារាងឧបសម្ព័ន្ធ)។ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប បានដាក់ចេញនូវវិធានការបណ្ដោះអាសន្នមួយចំនួន ដូចជា តម្រូវឱ្យក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ដូចមានក្នុងតារាងឧបសម្ព័ន្ធ ត្រូវផ្អាកជាបណ្តោះអាសន្នការនាំចូល និងចែកចាយ រាល់ផលិតផលដែលមានក្នុងតារាងឧបសម្ព័ន្ធ មកក្នុងប្រទេសកម្ពុជា និងតម្រូវឱ្យប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារក និងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. អំពីបរិមាណផលិតផលដែលប្រមូល។
ក្រៅពីនេះ អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការនាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថា មានសារធាតុអាសបេស្តុស ទៅវិភាគនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប. ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាថា រាល់ផលិតផលម្សៅលាបទារក និងកុមារ ដែលត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ មិនត្រូវមានសារធាតុអាបេស្តូសឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. នឹងជូនដំណឹងអំពីព័ត៌មានលម្អិត និងវិធានការបន្ថែមទៀត នៅពេលដែលទទួលបានលទ្ធផលវិភាគពីមន្ទីរពិសោធន៍ភាគីទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព។
សូមបញ្ជាក់ថា សារធាតុអាសបេស្តុស មិនត្រូវអនុញ្ញាតឱ្យមានវត្តមាននៅក្នុងផលិតផលគ្រឿងសម្អាងទេ។ វត្តមាននៃសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាចបណ្តាលឱ្យកើតជំងឺមហារីក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។