ក្រសួងទេសចរណ៍ នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍ មហអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងទេសចរណ៍មានកិត្តិយស ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បី៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។
២. ជំរុញផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
៣.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)។
៤. បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នារវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។