អាជ្ញាធរខេត្ត​ស្វាយរៀង បំភ្លឺ​ករណី​កុមារី​ម្នាក់ ត្រូវ​សត្វ​ឱ​ម៉ា​ល់​ទិច បណ្តាល​ឲ្យ​ស្លាប់ មុនពេល​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ

​ស្វាយរៀង​៖ មន្ទីរពេទ្យ​ខេត្តស្វាយរៀង មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញមក​បំភ្លឺ​ករណី​កុមារី​ម្នាក់​ត្រូវ​សត្វ​ឱ​ម៉ា​ល់​ទិច​៤០​ទ្រនិច បណ្តាល​ឲ្យ​ស្លាប់ មុនពេល​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ ពោល​ក្រោយពេល​កើតហេតុ ក្រុមគ្រូពេទ្យ​របស់​មន្ទី​រ​ពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ ប៉ុន្តែ​ដោយសារ​ជាតិ​ពិស​បាន​ចូល​ពេញ​សិរី​រា​ង្គ ទើប​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង សូម​បំភ្លឺ​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​ករណី​មរណៈភាព​កុមារី​ឈ្មោះ ភឿន ចាន់ថា ភេទ​ស្រី អាយុ​៧​ឆ្នាំ អាស័យដ្ឋាន​ភូមិ​មេលោង សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​បាន​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក្នុងស្ថានភាព​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ ម៉ោង​១៧៖១១ នាទី ដោយ​មូលហេតុ​ឱ​ម៉ា​ល់​ទិច​ប្រហែល​លើសពី​៤០​ទ្រនិច នៅលើ​ដៃ​ទាំងសងខាង ជើង​ទាំងសង្ខាង នៅលើ​ក្បាល និង​ដងខ្លួន ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បឋម​»​។​

​សេចក្តីបំភ្លឺ​ដដែល បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​១៧៖៤០​នាទី ក្រុមគ្រូពេទ្យ​បានធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​អ្នកជំងឺ​ឡើងវិញ​ដោយ​ពិនិត្យឃើញថា ជាតិពុល​របស់​សត្វ​ទិច​បាន​ពុល​ទៅលើ​សរីរាង្គ​សំខាន់ៗ គ្រប់​ទីកន្លែង​ដូចជា​៖ តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធ​ដកដង្ហើម ប៉ុន្ដែ ក្រុមគ្រូពេទ្យ​នៅតែ​បន្ត​ការព្យាបាល​ដោយ​យកចិត្តទុកដាក់ និង​ពន្យល់​ដល់​ក្រុមគ្រួសារ​សព​ពុំ​អាចធ្វើ​ការបញ្ជូន​បានទេ ព្រោះ​អាច​បណ្ដាល​ឱ​អ្នកជំងឺ​គ្រោះថ្នាក់​តាមផ្លូវ​។ ក្រោយពី​ការសង្គ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង ស្ថានភាព​ជំងឺ​នៅតែ​ធ្ងន់ធ្ងរ​។​

​នៅវេលា​ម៉ោង​២០៖១០​នាទី ដោយមាន​ការទទូច​ស្នើសុំ​ពី​ក្រុមគ្រួសារ ទើប​ក្រុមគ្រូពេទ្យ​បានសម្រេច​ចិត្ត​ធ្វើការ​បញ្ជូន អ្នកជំងឺ​តាម​រថយន្ដ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ទាំង​ស្ថានភាព​នៅតែ​ធ្ងន់ធ្ងរ​ដែល​បាន​ទៅដល់​មន្ទីរពេទ្យ នៅវេលា​ម៉ោង​២២៖១៥​នាទី​។ សាកសព​កុមារី​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ជូន​ដល់​លំនៅដ្ឋាន​ដោយ​ពុំ​គិតថ្លៃ​សេវា​ដឹកជញ្ជូន រីឯ​ថ្លៃ​សេវា​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ក៏បាន​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​។​ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត សូម​សម្តែង​នូវ​ការសោកស្ដាយ និង​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព កុមារី ភឿន ចាន់ថា ដោយ​ក្តី​ក្រៀមក្រំ​ក្រៃលែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close