ភូមិធម្មជាតិរុនតាឯកបានទទួលពានរង្វាន់សហគមន៍ទេសចរណ៍គំរូ
ភូមិធម្មជាតិរុនតាឯក ដែលស្ថិតនៅក្នុងខេត្តសៀមរាប ត្រូវបានក្រសួងទេសចរណ៍ផ្តល់ពានរង្វាន់ជា «សហគមន៍ទេសចរណ៍គំរូ»។
ការប្រគល់ជូនពានរង្វាន់នេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបូកសរុប «ការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២» និង «ការប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១» ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទេសចរណ៍។
តាមការបញ្ជាក់ពី លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា «កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីបង្កើតស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា ដោយផ្អែកលើគោលបំណងបួនសំខាន់គឺ៖
១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសហគមន៍ទេសចរណ៍កម្ពុជា។
២. ពង្រឹងការគ្រប់គ្រងសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព គុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
៣. ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។
៤. ពង្រឹងនិងពង្រីកការជឿទុកចិត្តទៅលើសហគមន៍ទេសចរណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ដែរថា កន្លងមកភូមិធម្មជាតិរុនតាឯកក៏ធ្លាប់បានទទួលពានរង្វាន់ចំនួន០៤មកហើយនាឆ្នាំ២០១៥-២០១៧ ដូចជា «ពានរង្វាន់សុខុមាលភាពសង្គមនិងបេតិកភណ្ឌវប្បធម៌» «ពានរង្វាន់អនាម័យ និងបរិស្ថាន» «ពានរង្វាន់ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា» និង «ពានរង្វាន់ ASEAN Homestay Standard (2017-2019)»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។