អាជ្ញាធរ​មីន និង​សភាពាណិជ្ជកម្ម​សហគម​ន៍​អ៊ឺរ៉ុប ចុះ​អនុស្សរណៈ​លើ​ភាពជា​ដៃគូ​វិស័យ​សកម្មភាព​មីន និង​ការអភិវឌ្ឍ​សហគមន៍​នៅ​កម្ពុជា​

​នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​មីន និង​សភាពាណិជ្ជកម្ម​សហគម​ន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ស្តីពី​ភាពជា​ដៃគូ​វិស័យ​សកម្មភាព​មីន និង​ការអភិវឌ្ឍ​សហគមន៍​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នា​ថ្ងៃនេះ បានធ្វើ​ឡើង​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី ក្នុង​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា និង​បញ្ចប់​ការលំបាក និង​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​ក្នុងនាម សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ និង​ការយកចិត្តទុកដាក់រ​បស់​សភាពាណិជ្ជកម្ម​ស​ហគ​មន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក Tassilo Brinzer ជា​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាភិបាល ក្នុងការ​ចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា ដើម្បី​ផ្តល់​ដី​សុវត្ថិភាព និង​បង្កើត​ស្នាមញញឹម​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ នឹង​ផ្តល់នូវ​ភាពជោគជ័យ និង​បង្កើត​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដែល​នាំទៅរក​ភាពជា​ដៃគូ​កាន់តែ​ធំ ទូលំទូលាយ និង​ស៊ីជម្រៅ ក៏ដូចជា​នាំ​ឲ្យ​កម្ពុជា និង​អឺរ៉ុប​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា និង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ហើយ​សភាពាណិជ្ជកម្ម​អឺរ៉ុប នឹង​ជា​ចំណែក​មួយ​ក្នុងការ​បង្កើត​បរិយាកាស​ចាំបាច់​សម្រាប់​វិស័យ​ឯកជន ក្នុងការ​ចូលរួម​យ៉ាង​ពេញលេញ និង​ជោគជ័យ​សម្រាប់​សកម្មភាព​មីន​កម្ពុជា​។

​លោក Tassilo Brinzer បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​វិស័យ​មីន​នៅ​កម្ពុជា ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​របស់​អាជ្ញាធរ​មីន រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ​។ EuroCham នឹងធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ពី​បណ្ដា​សមាជិក និង​ក្រុមហ៊ុន​ទាំងអស់​ក្រោម​ការសម្របសម្រួល​រប​ស់ EuroCham តាមរយៈ​ការរៀបចំ​រាត្រីសមោសរ និង​កម្មវិធី​ផ្សេងៗ ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close