បង្ក្រាប​គ្រឿងញៀន​ជាង ៧​គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ១០​គីឡូក្រាម ឃាត់​ជនជាតិ​ចិន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ ក​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី លោក អ៊ុ សុ​ភ័​ក្រ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ​២​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ នៅ​ចំណុច​មុខ​ខុន​ដូ​រអិល ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​បន្តទៅ​ឆែកឆេរ​ខុន​ដូរ​ប៉ា​វលី បន្ទប់​លេខ​១៦១៨ ជាន់​ទី​១៦ ផ្លូវ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជា​ធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញ ដែល​ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ចាង ហ្វុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន និង​បាន​ដកហូត​វត្ថុតាង​សារធាតុ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់​សុទ្ធ ៧​គីឡូក្រាម និង​៥៣.៦​ក្រាម​, សារធាតុ​គីមី ១០​គីឡូក្រាម និង​៧៦០​ក្រាម​។​

​ក្រោយ​ការបង្ក្រាប ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close