សាធារណរដ្ឋ​កូរ៉េ សន្យា​ជួយ​កម្ពុជា​លើ​ផ្នែក​ស្តារនីតិសម្បទា​របស់​ក​ម្មករ​និយោជិត ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​

​ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ នឹង​ជួយ​កម្ពុ​ជាមាន​ទាំង​ថវិកា ការបណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទពិសោធន៍​ការងារ​ល្អៗ​មួយចំនួន ដល់​កម្ពុជា​លើ​ផ្នែក​ស្តារនីតិសម្បទា​ទៅដល់​កម្មករនិយោជិត ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​។
​ការសន្យា​បែបនេះ​ពី​ភាគី​កូរ៉េ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្តារនីតិសម្បទា​នៅ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ​។​

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ចូលរួម​អបអរសាទរ និង​ទទួល​ស្វាគមន៍​យ៉ាង​ក្តៅ​បំផុត ចំពោះ​វត្តមាន​របស់​ឯកឧត្តម JAEKAP LEE ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​លើ​ផ្នែក​ស្តារនីតិសម្បទា​ដល់ក​ម្ម​ករ​និយោជិត​របស់​ក​ម្ពុ​ជា​ដែល​ជួបនឹង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ​។ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈ​បទពិសោធន៍​ការងារ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​បាន​ចែករំលែក​បទពិសោធន៍​ការងារ​ជួយ​មកដល់​កម្ពុជា ឲ្យ​វិស័យ​មួយ​នេះ​ទទួលបាន​នូវ​លទ្ធផល​ល្អ​។

​ពេលមកដល់​កម្ពុជា ឯកឧត្តម JAEKAP LEE មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ឃើញ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​កម្ពុជា​។ មានបទពិសោធន៍​លើ​កិច្ចការងារ​ស្តារនីតិសម្បទា​របស់​ក​ម្មករ​និយោជិត​ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​នេះ ឯកឧត្តម​បាន​បញ្ជាក់ថា រូប​ឯកឧត្តម ធ្លាប់បាន​ចូលរួម​ចងក្រង​ជា​គោលនយោបាយ​សម្រាប់​គាំពារ​កម្មករនិយោជិត​កូរ៉េ ដែល​ទទួលរង​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ និង​ស្តារនីតិសម្បទា​ជូន​ពួកគាត់​អាច​វិលត្រឡប់​ទៅធ្វើ​ការ​ដូចដើម​វិញ​បាន​។ ក្រុមការងារ​របស់​ឯក​ឧ​ត្ត​ម នឹង​ជួយ​ក្រុមការងារ​កម្ពុជា​លើ​ផ្នែក​នេះ ដើម្បី​យកទៅអនុវត្ត​កាន់​តែមាន​ប្រសិទ្ធភាព និង​ជោគជ័យ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើងថា កាលពី​២០​ឆ្នាំមុន កម្ពុជា​មិនមាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ​បែបនេះ​ទេ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​ភ្ជាប់​នូវ​សន្តិភាព និង​ការរក្សាបាន​នូវ​ស្ថេរភាព​នយោបាយ ទើប​មានការ​អភិវឌ្ឍ​លឿន​បែបនេះ​។ មាន​សន្តិភាព គឺមាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​។ កម្ពុជា​បើក​ជំហរ​ឲ្យ​មានការ​វិនិយោគ​ទាំង​ខាងក្នុង និង​ខាងក្រៅ មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​នានា និង​បណ្តា​ប្រទេស​ទាំងអស់​គ្រប់​និន្នាកា​ដើម្បី​ស្រូប​ទាញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​មាន​សកម្ម​ភាពរស់រវើក​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហការ និង​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង លើកឡើងថា គឺមាន​ទំនាក់ទំនង​ល្អប្រសើរ​ណាស់ បន្ទាប់ពី​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ ក្លាយជា​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួមទាំង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​យើង​ទាំងពីរ​ផង បានផ្តល់​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក ប្រកបដោយ​ផ្លែផ្កា​ដ៏​ល្អ​បំផុត​។ លំហូរ​នៃ​អ្នកវិនិយោគ​កូរ៉េ​ចូលមក​កាន់​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ បានធ្វើការ​វិនិយោគ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។

​ចំពោះ​ទំនាក់ទំនង​លើ​វិស័យ​ការងារ​វិញ ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ទទួលបាន​នូវ​ចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍​ការងារ រហូត​ក្លាយជា​សហគ្រិនភាព​ដ៏​ចំណាន​។ មួយវិញទៀត លើ​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​(OSH) កូរ៉េ​បានផ្តល់​ការគាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​មកដល់​កម្ពុ​ជា រួមជាមួយ​នឹង​សេវា​ការងារ​ដល់​NEA ផងដែរ​។ កូរ៉េ​មានបទពិសោធន៍​ច្រើន ទាំង​គោលនយោបាយ យន្តការ និង​សេវា​សម្បូរបែប លើ​ការគ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ការងារ​ជូន​ដល់​កម្មករនិយោជិតរ​បស់​ខ្លួន នឹង​ចែករំលែក​បទពិសោធន៍​ទាំងនេះ មក​ខាង​ប​.​ស​.​ស យកទៅអនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម​របស់​កម្ពុជា មកដល់ពេលនេះ​កម្ពុជា​បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួមមាន​៖ ទី​១.​ផ្នែក​ហានិភ័យ​ការងារ អនុវត្ត​នៅ​ឆ្នាំ​២០០៨, ទី​២.​ផ្នែក​ថែទាំ​សុខភាព អនុវត្ត​នៅ​ឆ្នាំ​២០១៦, និង​ទី​៣.​ផ្នែក​ប្រាក់​សោធន ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ហើយ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ រយៈពេល ៩០​ថ្ងៃ ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី​ការងារ​។​

ឯកឧត្តម JAEKAP LEE បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ដែល​បាន​គាំទ្រ​ចំពោះ​ការអនុវត្ត​គម្រោង​របស់​ឯកឧត្តម​នៅ​កម្ពុជា ឯកឧត្តម​សង្ឃឹមថា ការជួយជ្រោមជ្រែង​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី នឹងធ្វើ​ឲ្យ​ដំណើរការ​អនុវត្ត​នូវ​គម្រោង​មួយ​នេះ ពិតជា​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close