ហ្វីលីពីន រងការវាប្រហារដោយព្យុះ Ma on បង្កភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់
តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិហ្វីលីពីនបានឲ្យដឹងនៅថ្ងៃទី ២៥ខែសីហាថា ក្រោយពេលព្យុះ Ma-on វាយប្រហារចូលដីគោកក្នុងកោះ Luzon បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ៤នាក់រងរបួស។ ក្នុងរយៈពេល២៤ម៉ោង ព្យុះ Ma on បង្កភ្លៀងធ្លាក់ខ្លាំង ជនលិចភូមិជិត៤០០នៅលើកោះខាងលើ ។
សារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន មនុស្ស ២នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្នុងតំបន់ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ជាទីដែលព្យុះ Ma-on បានវាយប្រហារកាលពីព្រឹកថ្ងៃអង្គារដើមសប្ដាហ៍នេះ និងម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ ប៊ីកូល (Bicol) ស្ថិតនៅភាគខាងត្បូងនៃ កោះលូហ្សុន។ ក៏ប៉ុន្តែ អាជ្ញាធរហ្វីលីពីន មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាប្រជាជនជិត ៥០,០០០នាក់ បានរងផលប៉ះពាល់ ដោយសារព្យុះមួយនេះដែលបានបក់បោកក្នុងល្បឿនខ្យល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្រមទាំងបានបង្កជាគ្រោះទឹកជំនន់ ផ្ដាច់ចរន្តអគ្គិសនី និងបំផ្លាញ ផ្ទះជាច្រើនខ្នងផងដែរ។
ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះធម្មជាតិ ដូចជារញ្ជួយដី និងព្យុះ ដោយសារតែប្រទេសនេះស្ថិតនៅ លើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ក្នុងមួយឆ្នាំៗ ហ្វីលីពីនតែងតែរងគ្រោះដោយសារខ្យល់ព្យុះយ៉ាងហោច ២០ ក្នុងនោះ មានទាំងព្យុះកំណាចផងដែរ។ តួយ៉ាង កាលពីខែមេសា កន្លងទៅនេះ ព្យុះត្រូពិក មេជី (Megi) បានវាយប្រហារលើហ្វីលីពីនដោយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី សម្លាប់មនុស្ស២២៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។