ខេត្តស្វាយរៀង នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ឆ្នាំ​២០២៣

​ស្វាយរៀង​៖ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរ​ដ្ធ​មន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន និង​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ដែល​បានដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​នៅ​ខេត្តស្វាយរៀង ក្រោម​ការគាំទ្រ​ពី​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។

​ពិធី​សំណេះសំណាល​នេះ មានការ​ចូលរួម​ពី ឯកឧត្ដម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង​/​ស្រុក​ទាំង​៨​ដែលមាន​ផលប៉ះពាល់​ដោយសារ​មីន និង​ជនរងគ្រោះ​ដោយសារ​មីន​។​

​បន្ទាប់ពី​ទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាជ្ញាធរ​មីន បាន​ពង្រាយ​កងកម្លាំង​បោសសម្អាត​មីន​របស់​ស៊ីម៉ាក់​ក្នុង​ខេត្ត​ចំនួន ៥ ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និង​ខេត្តស្វាយរៀង ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​ប្រមាណ ៣១​គីឡូម៉ែត្រ​ក្រឡា​។ ការងារ​បោសសម្អាត​មីន​នៅ​ខេត្តស្វាយរៀង នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល ១១​ខែ ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ដើម្បី​ប្រកាស​ខេត្តស្វាយរៀង ជា​ខេត្ត​អស់​មីន ដែល​ត្រូវ​បោសសម្អាត​ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន ១២,៣៨ គីឡូម៉ែត្រ​ក្រឡា ។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរ​ដ្ធ​មន្ត្រី​បានស្នើ​សុំ​ឲ្យ​កងកម្លាំង​បោសសម្អាត​មីន​ស៊ីម៉ាក់ ត្រូវ​ធ្វើការ​បោសសម្អាត និង​កំទេច​គ្រាប់មីន​ឲ្យ​អស់ពី​ទឹកដី​ខេត្តស្វាយរៀង ដើម្បី​ផ្តល់​ដី​សុវត្ថិភាព និង​បង្កើត​ស្នាមញញឹម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបានរ​បស់​អង្គភាព​ស៊ីម៉ាក់ ដែលជា​ប្រតិបត្តិ​ករ​ដោះមីន​ជាតិ​ដ៏​ឆ្នើម ចូលរួម​ផ្តល់​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការងារ​បោ​សម្អាត​មីន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរ​ដ្ធ​ម​ន្ត្រី បាន​ពាំ​នាំនូវ​សេចក្តី​នឹករលឹក និង​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​មន្ត្រីរាជការ អ្នកដោះមីន និង​បងប្អូន​មាន​ពិការភាព​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close