ខេត្តសៀមរាប មានមន្ទីរពេទ្យធំៗចំនួន៥ ក្នុងការផ្ដល់សេវាព្យាបាល និងថែទាំជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្ដាខេត្តនានា
សៀមរាប៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ទទួលជួបប្រតិភូមន្ទីរពេទ្យខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីសម្តែងការគួរសម និងពិភាក្សា លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជំនួបនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត វ៉ាសេន សុមិតសិតធិកុល (Wasan Sumetsittikul) ប្រធានមន្ទីរពេទ្យបាងកក នៃព្រះរាជាណាចក្រថៃ។
លោកវេជ្ជបណ្ឌិត វ៉ាសេន សុមិតសិតធិកុល (Wasan Sumetsittikul) បានបញ្ជាក់បន្ថែមពីគោលបំណងក្នុងជំនួបជាមួយឯកឧត្តមអភិបាលខេត្តថា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល វាពេលវេលាដែលប្រទេសទាំងពីរបង្កើនទំនាក់ទំនងឡើងវិញ ក្នុងនោះការទំនាក់ទំនងលើសេវាវេជ្ជសាស្ត្រ និងការបង្កើនសមត្ថភាពដល់មន្ត្រីមន្ទីរពេទ្យនៃប្រទេសទាំងពីរ ក៏នឹងបង្កើនសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងផ្ដល់ជំនឿចិត្តក្នុងការមកទទួលសេវាព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិត បានបង្ហាញថា ក្រោយពេលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបើកប្រទេសឲ្យដំណើរការឡើងវិញ ក្នុងវិស័យសេដ្ឋកិច្ចជាតិ មន្ទីរពេទ្យនៃខេត្តនគរាជសីមា បានទទួលបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលទៅសម្រាកព្យាបាលនៅក្នុងមួយថ្ងៃប្រមាណពី១០០ទៅ២០០នាក់។ ទន្ទឹមនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង រ៉ូយ៉ាល់អង្គរខេត្តសៀមរាប ដែលជាសាខារបស់មន្ទីរពេទ្យបាងកក ក៏ត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
ថ្លែងស្វាគមន៍នាឱកាសនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា បន្ទាប់ពីរយៈពេល២ឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ ពិភពលោកក៏បន្តជួបវិបត្តិសេដ្ឋកិច្ចដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន ដែលធ្វើឲ្យប្រជាពលរដ្ឋ បន្តជួបបញ្ហាទាំងជីវភាព និងសុខភាព ។ ទន្ទឹមនោះ ឯកឧត្តមក៏បានលើកផងដែរថា សម្រាប់ខេត្តសៀមរាប មានមន្ទីរពេទ្យធំៗចំនួន ៥ ដែលជាទីទុកចិត្ត ក្នុងការផ្ដល់សេវាព្យាបាល និងថែទាំជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្ដាខេត្តនានា។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ ដែលមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ក្នុងនាមជាអ្នកភូមិផងរបងជាមួយ និងស្គាល់សុខស្គាល់ទុក្ខគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ខេត្តសៀមរាប ដែលតែងតែបានចូលរួមកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និង ចូលរួមព្យាបាលជំងឺកូវីដ-១៩ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។