ប្រទេសចំនួន ៧ បានប្រកាសពីការហ្វឹកហាត់ល្បុក្កតោពីកម្ពុជា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ «គុនល្បុក្កតោ» ត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៧ ហើយដែលប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាណាចក្រកម្ពុជា។
កីឡាគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលនៅក្នុងចង្កោមយុទ្ធគុនចម្រុះ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានអនុម័តជាផ្លូវ ដោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ កាលពីខែកក្កដា កន្លងមក ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយក្នុងនាមជា ប្រធានក្រុមប្រឹក្សាកីឡាសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ។ ជាផ្លូវការកីឡាចំនួន ៣៩ ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានអនុម័ត។
ក្នុងដំណើរត្រៀមស៊ីហ្គេម ២០២៣ នេះ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីរៀបចំការប្រកួត នៃប្រភេទកីឡាយុទ្ធគុន ទាំងពីរនេះ ឱ្យកាន់តែមុតស្រួចបន្ថែមទៀត។
សូមបញ្ជាក់ថា បញ្ចសិលាជាក្បាច់គុនរបស់ប្រទេសឥណ្ឌូណេស៊ីនេះ។ កម្ពុជា និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកំណត់ត្រា នៃដំណើរការផ្លាស់ប្តូរគ្នា រវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបាន កំណត់ពេលវេលា ក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចេញទៅហ្វឹកហាត់កីឡា បញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជា ទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់គុនទាំងពីរនេះ នឹងត្រូវរៀបចំការប្រកួត នៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោ បានចាត់ទុកថាៈ នេះជាអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិ មួយនេះ ទៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ី នឹងបង្កើតឱ្យមានជាសហព័ន្ធ កីឡាគុនល្បុក្កតោឥណ្ឌូណេស៊ី។ នេះគឺជាការធ្វើសមាហរណកម្ម របស់គុនល្បុក្កតោកម្ពុជា បញ្ចូលទៅកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយពេលនេះ មាន ៦ ទៅ ៧ ប្រទេសហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។