រដ្ឋាភិបាលអ៊ីស្រាអែល ឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម បង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀត
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃរដ្ឋអ៊ីស្រា អែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងសហការីបានជួបពិភាក្សាជាមួយឯកឧត្តម Oded Forer រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល។
ជាបឋម តាមរយៈឯកឧត្តម Oded Forere និងលោក Janathan Tzedakah តំណាងឲ្យក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រសួងការបរទេស និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយៈពេល ១៤ឆ្នាំហើយ សរុបមាននិស្សិតចំនួន ១ ៤៦៩នាក់។
ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពិតជាបានរឹតថែមមួយកម្រឹតទៀតដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ បច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយ:កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។
ជាងនេះទៅទៀត មាននិស្សិតមួយចំនួនបាននិងកំពុងដំណើការអាជិវកម្មកសិកម្មដោយខ្លួនគេផ្ទាល់ នេះសរបញ្ជាក់ឲ្យឃើញថានិស្សិតបានបោះជំហានពីកសិករទៅជាកសិ-ធុរកិច្ចជាបន្តបន្ទាប់សម្រាប់ពេលអនាគត។ សម្រាប់ជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រី Oded Forer និងក្រសួងការបរទេសឲ្យពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណឹងដែលនិស្សិតកម្ពុជាទទួលបានជោគជ័យនាពេលពួកគាត់បញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយបានយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យនេះ។
ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បន្ថែមថា ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះ គឺគ្រាន់តែជំហានដំបូង និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់គឺត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះតែម្តង។ ចំពោះករណីស្នើសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម ភាគីអ៊ីស្រាអែលថានឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន។ បច្ចុប្បន្ន វិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែលបាន និងកំពុងមានការផ្លាស់ប្តូរ ពីការផ្តោតសំខាន់លើការងារបង្កើនទិន្នផល មកជាការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ម្ហូបអាហារដែលផលិតនៅតំបន់វាលខ្សាច់ និងសមុទ្រ ដើម្បីឆ្លើយតបតាមការបម្រែបម្រួលអាកាសធាតុ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer អញ្ជើញ និងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំនៅរដ្ឋអ៊ីស្រាអែលនាខែតុលាខាងមុខនេះ។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងទាំងពីរបានឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរៀបចំអនុស្សារណៈនៃការយោគយល់គ្នាក្នុងស្មារតីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។