អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រាប់​ពលរដ្ឋ​ឱ្យ​ហៅ​ទៅ​លេខ ១១៧ ដើម្បី​ប្រាប់​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ជនបរទេស បើ​មាន​ករណី​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ឬ ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់ សូម​ទំនាក់​មក​លេខ Hotline ១១៧ ខណៈដែល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា ១១៧ បាន​បន្ថែម​មន្ត្រី​នគរបាលជាតិ​ប្រចាំការ ដែល​ចេះ​និយាយ​ភាសារ​អង់គ្លេស ចិន និង​ភាសារ​វៀតណាម ។​

​ជាមួយគ្នា​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទូទាំងប្រទេស និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ចូលរួម​សហការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស​ខុសច្បាប់​គ្រប់​ទម្រង់ ដោយ​ទំនាក់ទំនង​មក​លេខ Hotline ១១៧ និង​ផ្តល់​ទំនុកចិត្ត​ឲ្យ ១១៧ ។​

​លេខ​ទូរស័ព្ទ Hotline ១១៧ នេះ គឺជា​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ដែល​រង់ចាំ​ទទួល និង​ឆ្លើយតប​បន្ទាន់​ភ្លាមៗ​នៅពេល​ទទួលបាន​នូវ​សេចក្ដីរាយការណ៍​សុំ​ជំនួយ​ពិតប្រាកដ​ពី​នគរបាលជាតិ ដូចជា បទល្មើស​ព្រហ្មទណ្ឌ​, គ្រោះថ្នាក់​ចរាចរណ៍​, គ្រោះ​អគ្គិភ័យ ឬ​ភាព​អសកម្ម​មួយចំនួន​របស់​មន្ដ្រីនគរបាល​នៅតាម​មូលដ្ឋាន​ជាដើម ។ ប្រជាពលរដ្ឋ​អាច​ទូរស័ព្ទ​ចូល​លេខ ១១៧ មិន​អស់ថ្លៃ​សេវា​នោះទេ ទោះបីជា​ទឹកប្រាក់​ក្នុង​គណនេយ្យ​អស់​ក៏​អាច​ទូរស័ព្ទ​ចូល​បាន​ផងដែរ​។​

​សូម​ជំរាប​ថា វិធានការ​នេះ​ធ្វើឡើង បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ដល់​សាធារណ​ជនជាតិ​-​អន្តរជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​​បន្ត​សហការ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close