ម្ចាស់​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​១៤៦ ទទួល​កម្ចី​សរុប ២០​លាន​ដុល្លារ ពី​គម្រោង​ហិរញ្ញប្បទាន​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​

​ភ្នំពេញ​៖ លោក​បណ្ឌិត លឹម អូន អគ្គនាយក​ធនាគារ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម (SME Bank) បានឱ្យដឹងថា គិត​ត្រឹម​ចុងខែ​សីហា ឆ្នាំ​២០២២​នេះ SME Bank បានអនុម័ត​ទំហំ​កម្ចី​សរុប​ចំនួន ២០​លាន​ដុល្លារ ទៅដល់​សំណើ​កម្ចី​របស់​ម្ចាស់​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​១៤៦ ដើម្បីឱ្យ​ពួកគេ​យកទៅ​ស្តារ​អាជីវកម្ម​របស់ខ្លួន ក្នុងពេលដែល​ភ្ញៀវទេសចរ​អន្តរជាតិ ចាប់ផ្តើម​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​បណ្តើរៗ ដែល​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចាប់ផ្តើម​ងើបឡើង​វិញ​។​

​បន្ទាប់ពី​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ បាន​ដាក់ឱ្យអនុវត្ត​តាំងពី​ខែឧសភា​មក ម្ចាស់​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​១៤៨ បានដាក់​សំណើ​កម្ចី ក្នុងនោះ​សំណើរ​ចំនួន​១៤៦ ត្រូវបាន​អនុម័ត​។ ចំណែក​សំណើ​កម្ចី​ចំនួន​២​ទៀត ត្រូវបាន​បដិសេធ​។​

​លោក​បណ្ឌិត លឹម អូន បាន​បញ្ជាក់ថា កម្ចី​ភាគច្រើន គឺ​បាន​ទៅលើ​អាជីវកម្ម ស​ណ្ឋា​រ​គារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដោយ​ក្នុងចំណោម​សំណើ ដែល​បានអនុម័ត​នេះ សណ្ឋាគារ​មាន​ចំនួន​១៩ ផ្ទះសំណាក់​ចំនួន ៤៤ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​។ ចំណែក​កម្ចី​សម្រាប់​ភោជនីយដ្ឋាន​មាន​ចំនួន​៦៥​អតិថិជន ក្នុង​ទំហំ​ប្រាក់​ប្រមាណ​៧​លាន ៨០​ម៉ឺន​ដុល្លារ ។ ក្រៅពីនោះ​គឺ អាជីវកម្ម​ផ្សេងៗ​ទៀត​ដែល​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ចំនួន​១៨ អតិថិជន​ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​២​លាន​ដុល្លារ​។​

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា «​សន្ទុះ​នៃ​ការដាក់​ពាក្យស្នើសុំ បើ​ប្រៀបធៀប​ជាមួយ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធន​តូច និង​មធ្យម​ក្នុងដំណាក់កាល​ទី​២ គឺមាន​ភាពយឺត​ជាង​។ ប៉ុន្តែ​ខ្ញុំ​គិតថា ដោយសារ​គម្រោង​នេះ គឺ​ផ្តោត​តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​មុខ ហើយ​គម្រោង​មុន គឺមាន​ការបើក​ទូលាយ ដែលមាន​វិស័យ​ច្រើន​ចូលរួម​។ ហេតុនេះ​ភាពយឺតយ៉ាវ ឬ​ចំនួន​ដែល​ស្នើ​មក​តិច​នេះ គឺជា​រឿង​ធម្មតា ដោយសារតែ​វា​ចង្អៀត ក៏ប៉ុន្តែ​យ៉ាងណា​ក៏​ឃើញ​មានការ​ផុលផុស ចាប់អារម្មណ៍​ច្រើន ជាពិសេស​តាមរយៈ​ក្រសួងទេសចរណ៍ និង​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរ​។ សន្ទុះ​នៃ​ការខ្ចី​ជិត​២​ខែ​មកនេះ បាន​២០​លាន គឺ​គិតថា​គួរសម​ដែរ​»​។​

​ជាមួយគ្នា លោក​សង្ឃឹមថា ខែ​បន្តបន្ទាប់​ទៀត​នឹងមាន​សន្ទុះ​នៃ​ការស្នើ​កម្ចី និង​ការបញ្ចេញ​កម្ចី កាន់តែ​កើនឡើង​ថែមទៀត​។ លោក​វាយតម្លៃថា យ៉ាងយូរ​ណាស់​ត្រឹម​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ទឹកប្រាក់​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ នឹងត្រូវ​បញ្ចេញ​អស់​។​

​សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ កាល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០២២ បាន​ដាក់ឱ្យអនុវត្ត​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឱ្យមាន​សន្ទុះ​ឡើងវិញ ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ហិរញ្ញប្បទាន របស់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ​។​

​គម្រោង​ហ​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៥០ លាន​ដុល្លារ ដែល​បានមកពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន ៧៥ លាន​ដុល្លារ​តាមរយៈ SME Bank និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន​៧៥​លាន​ដុល្លារ​ដោយ​ផ្តល់​អត្រា​ការប្រាក់​៦.៥​ភាគរយ ក្នុង​មួយឆ្នាំ និង​ខ្ចី​បាន​ខ្ពស់បំផុត​រហូតដល់​៤០​ម៉ឺន​ដុល្លារ ដែល​អាច​ខ្ចី​បាន​រហូតដល់​៧​ឆ្នាំ ហើយ​អ្វីដែល​ពិសេស​នោះ រយៈពេល​អនុគ្រោះ​នៃ​ការសង​ត្រឡប់​ប្រាក់​ដើម មាន​រហូតដល់​១២​ខែ​។​

​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​នេះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដែល​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ​អាច ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដែលជា​ដៃគូ​របស់ SME Bank ក្នុង​អត្រា​ការប្រាក់​សម្បទាន សម្រាប់​ការកែលម្អ និង​ធ្វើ​ទំនើបកម្ម ការពង្រីក​ខ្លួន​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​នៃ​សេវា​ទេសចរណ៍​របស់ខ្លួន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​នេះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ សរុប​នៅ​កម្ពុ​ជាមាន​ជិត​៨​ពាន់​អាជីវកម្ម ក្នុងនោះ​៦៨១ អាជីវកម្ម ដែល​ស្មើនឹង ៨.៦៣% បាន​កំពុង​ផ្អាក​អាជីវកម្ម និង ៥២៤​អាជីវកម្ម ឬ​ប្រមាណ​៦.៦៤% បាន​បិទ​អាជីវកម្ម​។​ ​ក្នុងចំណោម​នោះដែរ សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​១៩០​ទីតាំង​បាន​ផ្អាក​អាជីវកម្ម និង​២៩ ទីតាំង​ទៀត បានសម្រេច​បិទ​អាជីវកម្ម​តែម្តង និង​៥២០​ទីតាំង​កំពុងដំណើរការ​អាជីវ​កម្ម​។ ដោយឡែក​ភោជនីយដ្ឋាន ដែល​បច្ចុប្បន្ន​មាន​ចំនួន​សរុប ២ ៥២៩ ទីតាំង ក្នុងនោះ​ជាង​២​ពាន់​កន្លែង​កំពុងបើក​ដំណើរការ និង​៣៦៣​ទីតាំង​ទៀត​បាន​បន្ត​ផ្អាក និង​បិទ​អាជីវកម្ម ៕​


ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close