សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​សមាជិកសភា​អាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​លោកជំទាវ អេ​លីហ្សា​បេ​ត វេន ដា​ញ (Elizabeth Van Duyne) តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​តិច​សាស់ និង​គណៈប្រតិភូ​សមាជិក​សភា​អាមេរិក និង​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ មកពី​រដ្ឋ​ថេ​ន​ណេ​ស​ស៊ី​ផងដែរ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​មួយចំនួន ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​លោកជំទាវ អេ​លីហ្សា​បេ​ត បាន​សម្ដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេ​ជោ ចំពោះ​ការតស៊ូ និង​ប្រឹងប្រែង​របស់​សម្ដេច​តេ​ជោ នាំ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​។​លោកជំទាវ ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជំទាវ និង​ប្រតិភូ​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែខ្លាំង​ឡើង​តាមរយៈ​សក្ដានុពល​ដែល​កំពុងមាន និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកជំទាវ អេ​លីហ្សា​បេ​ត ព្រមទាំង​ប្រតិភូ​ទាំងមូល អំពី​ប្រវត្តិ​របស់​កម្ពុជា ក៏ដូចជា​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​សហរដ្ឋអាមេរិក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ជាមួយ​លោកជំទាវ អេ​លីហ្សា​បេ​ត ដែលថា យើង​នាំគ្នា​សម្លឹង​ទៅមុខ និង​ក្ដាប់​ឱកាស​ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​អប់រំ ធ្វើជា​មូលដ្ឋាន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែខ្លាំង​ឡើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close