ខេត្តកំពត នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ឆ្នាំ​២០២៣

​ខេត្តកំពត​៖ ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ខេត្តកំពត​អស់​មីន​។

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម នៃ គង់ អភិបាលរង​ខេត្ត តំណាង ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ឯកឧត្ដម អ៊ុំ ភូមិ​រ៉ូ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មី​កម្ពុជា (CMAC) មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ស្រុក​/​ក្រុង និង​ក្រុមការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន​។

​បន្ទាប់ពី​មតិ​ស្វាគមន៍​របស់​ឯកឧត្តម នៃ គង់ អភិបាលរង​ខេត្តកំពត និង​របាយការណ៍​សង្ខេប​របស់​ឯកឧត្តម អ៊ុំ ភូមិ​រ៉ូ អគ្គនាយករង​ស៉ី​ម៉ាក់ រួចមក ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន បញ្ហា​ប្រឈម និង​ផែនការ​បោសសម្អាត​មីន​ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “ ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម “ ផងដែរ​។​

​ឯកឧត្តម​ទេសរ​ដ្ធ​មន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​បាន​មានប្រសាសន៍ថា ដោយបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាជ្ញាធរ​មីន​បានដាក់​ពង្រាយ​កម្លាំង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មី​កម្ពុជា (​ស៊ីម៉ាក់​) ក្នុង​ខេត្ត​ចំនួន ៥ ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និង​ខេត្តស្វាយរៀង ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​ប្រមាណ ៣១​គីឡូម៉ែត្រ​ក្រឡា​។

​ដោយឡែក ដើម្បី​ប្រកាស​ខេត្តកំពត​អស់​មីន នឹងត្រូវ​បោសសម្អាត​មីន ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (​ប្រមាណ​ជា ១១ គីឡូម៉ែត្រ​ក្រឡា​) ស្មើនឹង ១២១ ចម្ការមីន ក្នុង​រយៈពេល ១១​ខែ ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ខែមិថុនា ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close