ប្រទេស​ថៃ បន្ត​រកឃើញ​អ្នកជំងឺ​អុត​ស្វា​ម្នាក់ទៀត ជា​ករណី​ទី​៧

​បាងកក​៖ អ្នករស់នៅ​បាងកក​ម្នាក់​ត្រូវបាន​បញ្ជាក់ថា ជា​ករណី​ជំងឺ​អុត​ស្វា ទី​៧ របស់​ប្រទេស​ថៃ​។ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ (DDC) បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ទី​២៨ សីហា​ថា ស្ត្រី​ជនជាតិ​ថៃ​អាយុ ៣៧​ឆ្នាំ​ម្នាក់ នៅ​ទីក្រុង​បាងកក បាន​ក្លាយជា​អ្នកជំងឺ​អុត​ស្វា ទី​៧ របស់​ប្រទេស​ថៃ បន្ទាប់ពី​បានធ្វើ​តេស្ត​វិជ្ជមាន កាលពី​ចុង​សប្តាហ៍​មុន​។​

​លោក​វេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាន DDC បាន​និយាយថា វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura បាន​ជូនដំណឹង​ដល់​នាយកដ្ឋាន កាលពី​ថ្ងៃ​សៅរ៍​ថា ស្ត្រី​នោះបាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​នេះ​។​

​អ្នកជំងឺ​បានរួម​រ័ក​ជាមួយ​ជនបរទេស ប៉ុន្តែ​មិនបាន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នាពេល​ថ្មីៗ​នេះ​ទេ​។ មកដល់ពេលនេះ មនុស្ស​បីនាក់​បាន​ចូល​ស្និទ្ធស្នាល​ជាមួយ​ស្ត្រី​រូបនោះ ហើយ​កំពុង​ត្រូវបាន​គេ​តាមដាន​យ៉ាង​ដិតដល់​។​

​ប្រទេស​ថៃ បាន​រកឃើញ​ករណី​ចំនួន ៧ ចាប់តាំងពី​ករណី​ដំបូង​ត្រូវបាន​រកឃើញ ក្នុង​ខែកក្កដា​។ អ្នកជំងឺ ៣​នាក់​ជា​ជនបរទេស​មកដល់ និង​៤​នាក់​ទៀត​ជា​អ្នក​ក្នុងស្រុក​ដែលមាន​ទំនាក់ទំនង​ជាមួយ​បរទេស ។ អ្នកជំងឺ ៤​នាក់ ក្នុងចំណោម​អ្នកជំងឺ​ទាំង​ប្រាំពីរ​នាក់ បានជា​សះស្បើយ​ហើយ ខណៈ​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close