ឯកឧត្តម ស៊ុន ចាន់ថុល ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ធុរកិច្ច​របស់​សហរដ្ឋ អាមេរិក​ដែលមាន​បំណង​ចង់​បណ្តាក់​វិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ​៖ នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាជិក​សភា​អាមេរិក ដឹកនាំ​ដោយ​លោកជំទាវ Carol Miller ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​ការរីកចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់ កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ដើម្បី​ទទួលបាន​ព័ត៌មាន និង​ស្ថាន​ការពិត​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ នៅ​កម្ពុជា ជាពិសេស​ដើម្បី​ជំ​រុញឱ្យ​ទំនាក់ទំនង និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​របប​ខ្មែរក្រហម​ដែល​បាន​កាប់ សម្លាប់​ប្រជាជន​កម្ពុជា​អស់​ជាង ៣​លាន​នាក់ ដែល​ក្នុងនោះ​និស្សិត និង​បញ្ញវន្ត ត្រូវបាន​សម្លាប់ចោល ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល​របស់​ប្រទេស​ត្រូវបាន​បំផ្លិចបំផ្លាញ គ្មាន​វេជ្ជបណ្ឌិត និង​គ្មាន​គ្រូបង្រៀន សម្រាប់ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​។

​បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​៖ ក្រោយ​ការ​ដួល​រំលំ​របប​ប៉ុល ពត រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើម​ស្តារ និង​កសាង​ប្រទេសជាតិ​ពី​បាតដៃ​ទទេរ​ឱ្យមាន​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​លើ គ្រប់​វិស័យ និង​បាន​គូសបញ្ជាក់​ពី​ដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់​វិនិយោគ​របស់​កម្ពុជា ដែលជា​ច្បាប់ មួយ​មាន​លក្ខណៈ​សេរី​បំផុត​នៅក្នុង​តំបន់​អាស៊ាន ពោលគឺ​៖ ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​កម្ពុជា​ជា ប្រទេស​បើកចំហរ​សេដ្ឋកិច្ច​ដោយ​សេរី កម្ពុជា​ត្រូវការ​គាំទ្រ​គ្រប់បែបយ៉ាង រួមទាំង​ការគាំទ្រ​ផ្នែក​ធនធាន ហិរញ្ញវត្ថុ ចំណេះដឹង និង​ចំណេះធ្វើ ដើម្បី​ទាក់ទាញ​វិនិយោគ​ពី​បរទេស​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​៖ ជំនួប​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល អនុញ្ញាតឱ្យ​គណៈប្រតិភូ​សមាជិកសភា​អាមេរិក បានឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​ការអភិវឌ្ឍ​របស់​ប្រទេស កម្ពុជា​លើ​គ្រប់​វិស័យ ទាំង​វិស័យសេដ្ឋកិច្ច វិស័យ​សង្គម ជាពិសេស បានឃើញ​ជាក់ស្ដែង​នូវ​ជីវភាព​រស់ នៅ​សំបូរ​សប្បាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស ខុសពី​អ្វីដែល​បានលើកឡើង​ដោយ​មតិ ជំទាស់​មួយចំនួន​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​អំពី​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន ក្នុងនោះ​រួមមាន​៖ ការកើនឡើង​អាយុ​សង្ឃឹម​រស់ (Life Expectancy) របស់​ប្រជាជន​កម្ពុជា​រយៈពេល ១៤​ឆ្នាំ​បន្ថែមទៀត ប្រៀបធៀប​ទៅនឹង​រយៈពេល​២០​ឆ្នាំ​កន្លងទៅ​ដោយសារ កម្ពុជា​មានការ​រីកចម្រើន លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាពិសេស​មធ្យោបាយ និង​ផ្លូវ​ធ្វើដំណើរ​ឆ្ពោះ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី ស្វែងរក​សេវា​ថែទាំ និង​ព្យាបាល​សុខភាព រួម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ស្អាត អាហារ​បរិភោគ​គ្រប់គ្រាន់ និង​ទឹកស្អាត អត្រា​នៃ​ភាពក្រីក្រ​បាន​ថយចុះ​នៅក្រោម​១០%​មុនពេល​មាន​វិបត្តិ កូ​វីដ​-១៩ ការពង្រីក វិសាលភាព​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ដើម្បី​បម្រើ សេវា​ដឹកជញ្ជូន​នាំចូល នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ជាមួយគ្នា​នោះដែរ គណៈប្រតិភូ បាន​ចាប់អារម្មណ៍​លើ​ការរីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កំពង់ផែ ដែល​ខុសពី​អ្វីដែល​បាន​រំពឹងទុក​មុន អញ្ជើញ​មកដល់​កម្ពុជា និង​បាន​គូសបញ្ជាក់​អំពី​បំណង​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ ការល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា​៖ ហ្គាស និង ថាមពល​(LPNG) និង​ការវិនិយោគ​លើ​វិស័យ​កំពង់ផែ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ធុរកិច្ច​របស់​សហរដ្ឋ អាមេរិក​ដែលមាន​បំណង​ចង់​បណ្តាក់​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិស័យ​កំពង់ផែ និង​វិស័យ​ហ្គាស និង​ថាមពល (LPNG) ហើយ​កម្ពុជា​បើកចំហរ និង​ត្រៀមខ្លួន​សម្របសម្រួល​ក្រុមហ៊ុន​ធុរកិច្ច​សហ​អាមេរិក ដែល​មក​វិនិយោគ​នៅ​កម្ពុជា​។

​នៅក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​អាមេរិក​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានរៀបចំ​អាហារ​ពេល​ល្ងាច​ទទួល​ស្វាគមន៍​នៅ​សណ្ឋាគារ Hyatt Regency ដោយមាន​ការអញ្ជើញ ចូលរួម​ពី​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន តំណាង​ស្ថានទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​សមាជិក​រាជរដ្ឋាភិបាល​នៅក្នុង​ក្រសួង​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close