រកឃើញជនរងគ្រោះជនជាតិចិនម្នាក់ និងឃាត់ខ្លួនមនុស្ស២នាក់ នៅក្រុងព្រះសីហនុ ករណីចាប់បង្ខាំងមនុស្សទុក
ខេត្តព្រះសីហនុ៖ សមត្ថកិច្ច ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង បានរកឃើញជនរងគ្រោះជនជាតិចិនម្នាក់ និងឃាត់ខ្លួនមនុស្ស២នាក់ នៅក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្នុងអគារក្រុមហ៊ុនហ័ងគួន ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងសីហនុ ដោយរកឃើញជនជាតិចិន១នាក់ ដែលគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន ព្រមទាំងបានឃាត់ខ្លួនមេការជាជនខ្មែរ១នាក់ និងអ្នកគ្រប់គ្រងជាជនជាតិចិន១នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្រោយទទួលព័ត៌មាន កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះ និងដោយមានការសហការពីអ្នកគ្រប់គ្រងអគារ បានផ្តល់ព័ត៌មានថា ក្រុមហ៊ុនដែលជនជាតិចិននោះធ្វើការបាននាំគេទៅសាខាមួយកន្លែងទៀតស្ថិតនៅក្នុងអគារក្រុមហ៊ុនហ័ងគួន ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅដល់អគារក្រុមហ៊ុនហ័ងគួន ដើម្បីបន្តស្វែងរកជនជាតិចិនម្នាក់នោះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរកឃើញបុរសជនជាតិចិន១នាក់ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រងអគារក្រុមហ៊ុនដែលជាជនជាតិខ្មែរ១នាក់ ដែលរឹងទទឹងមិនព្រមសហការ ព្រមទាំងបាននាំខ្លួនអ្នកគ្រប់គ្រង១នាក់ ជនជាតិចិន ដែលគ្រប់គ្រងទៅលើជនរងគ្រោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ បន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។