១១ខែឆ្នាំ២០១៨ កម្ពុជាទទួលចំណូលជាង១រយលានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
នៅរយៈពេល១១ខែឆ្នាំ២០១៨នេះ ពោលគឺចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាទទួលបានចំណូលចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះកើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។
យោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះបានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦.០៩ភាគរយ។
បើតាមរបាយការណ៍ ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
គួរបញ្ជាក់ដែរថា បណ្ណចូលទស្សនាតំបន់អង្គរ ដែលត្រូវលក់ដល់អ្នកទេសចរបរទេសត្រូវបានបែងចែកជា៣ប្រភេទ៖
- ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
- ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
- ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។