ឯកឧត្ដម លី ធុជ​៖ សម្តេច​តេ​ជោ តែងតែ​ចាត់ទុក​ការងារ​បោសសម្អាត​មីន ជាការ​ងារ​ស្នូល និង​អាទិភាព ក្នុង​បុព្វហេតុ​សង្គ្រោះ ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​

​កំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នៅ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ខេត្តកំពង់ឆ្នាំង អស់​មីន​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម អ៊ុំ ភូមិ​រ៉ូ អគ្គនាយករង​ស៊ីម៉ាក់ មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ស្រុក និង​ក្រុមការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា បេសកកម្ម​នៃ​ការងារ​បោសសម្អាត​មីន​នេះ គឺជា​ការអនុវត្ត​នូវ​ទស្សនវិស័យ និង​គោលបំណង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​បញ្ចប់​នូវ​ការឈឺចាប់ ការភ័យខ្លាច និង​ទុក្ខលំបាក​របស់​ប្រជាជន​កម្ពុជា ដែល​បង្កឡើង​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្រោយ​សង្គ្រាម​។​

​សម្តេច​តេ​ជោ តែងតែ​ចាត់ទុក​ការងារ​បោសសម្អាត​មីន ជាការ​ងារ​ស្នូល និង​អាទិភាព ក្នុង​បុព្វហេតុ​សង្គ្រោះ ស្តារ កសាង និង​ការអភិវឌ្ឍ​ប្រទេសជាតិ ហើយ​ខេត្តកំពង់ឆ្នាំង គឺជា​ខេត្ត​អាទិភាព​មួយ ក្នុងចំណោម​ខេត្ត​ដទៃទៀត សម្រាប់​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដែល​នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close