ពលរដ្ឋ​ខ្មែរ​ជាង​៥០០​នាក់ នៅ​ជប៉ុន និង​កូរ៉េខាងត្បូង បាន​ឈប់​ពី​ការងារ និង​ការសិក្សា​ត្រឡប់មកផ្ទះ​វិញ ដោយសារ​ជឿ​លើ លោក ខឹម វាសនា​

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ ក្នុងនោះ​មាននៅ​កូរ៉េខាងត្បូង​ជាង​៤០០​នាក់ និង​នៅ​ជប៉ុន​ជាង​១០០​នាក់ បាន​ឈប់​ពី​ការងារ និង​ការសិក្សា ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ពួកគេ​ជឿ​លង់​នឹង​ការឃោសនា​បែប​សាសនា​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្នុង​ចន្លោះ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែសីហា កន្លងទៅនេះ នៅ​កូរ៉េខាងត្បូង​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៤០០​នាក់ និង​នៅ​ជប៉ុន​មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល ១០០​នាក់ ក្នុងនោះ​ក៏មាន​និស្សិត​ថ្នាក់បណ្ឌិត​រៀន​នៅ​តំបន់​កាន់​សៃ​នៃ​ប្រទេស​ជប៉ុន ១​នាក់​ផងដែរ បាន​ឈប់​ត្រឡប់មកវិញ​។​

​ឯកឧត្តម បាន​បន្ថែមថា អ្នកខ្លះ​ត្រឡប់មកវិញ​ដោយ​យក​ហេតុផល​ថា ឪពុកម្តាយ​ឈឺ​ធ្ងន់​ដើម្បី​ថៅកែ​អនុញ្ញាត​ច្បាប់​។ អ្នកខ្លះ​ទៀត​គឺ​សុំ​ថៅកែ ប៉ុន្តែ​ថៅកែ​មិន​ឲ្យ​ក៏​ឈប់​ទាំង​អត់​ច្បាប់ ក៏​បោះបង់ចោល​ការងារ​ហើយ​ត្រឡប់មក​ខ្មែរ​វិញ​តាម​ការឃោសនា​អកុសល បែប​អ​បិ​យ​ជំនឿ​មិន​សម​ហេតុផល​របស់ លោក ខឹ ម វាសនា តែម្តង​។​

​ទោះជា​យ៉ាងណា ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា នៅក្រៅ​ប្រទេស ចាប់ពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២​មក មិនមាន​ចលនា​បោះបង់ចោល​ការងារ​ត្រឡប់មក​ខ្មែរ​ទៀត​ទេ​។​

​ឯកឧត្តម​បាន​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​បាន​ជួប​ជាមួយ​តំណាង​អង្គភាព​អភិវឌ្ឍ​ធនធានមនុស្ស​កូរ៉េ (HTD Korea) ដើម្បី​សុំទោស​រដ្ឋាភិបាល​កូរ៉េ ជាពិសេស​និយោជក​កូរ៉េ ដែល​រង​ផលប៉ះពាល់​ដោយ​ការ​ចលាចល​នេះ​។ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ និង​ជប៉ុន ព្រមទាំង​ភាគី​ពាក់ព័ន្ធ ក៏បាន​ចុះ​ជួប​បងប្អូន​ពលករ និង​និយោជក​កូរ៉េ និង​ជប៉ុន ដែល​រង​ផលប៉ះពាល់​ផងដែរ​។​

«​ទន្ទឹមនឹងនេះ​យើង​ក៏បាន​សំណូមពរ​ដល់​និយោជក​កូរ៉េ និង​ជប៉ុន​មេត្តា​យោគយល់​ជា​អតិបរិមា​ដល់​បងប្អូន​ពលករ និង​សិក្ខាកាម​យើង​កុំ​ប្តឹង​បងប្អូន​យើង ព្រមទាំង​ពិចារណា​ទទួលយក​បង​ប្អូន​ពលករ និង​សិក្ខាកាម​យើង​វិញ​តាម​លទ្ធភាព​ជាក់ស្តែង​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ហេង សួរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​បន្ថែមទៀត នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ ក៏បាន​សុំ​អភ័យទោស​រដ្ឋាភិបាល​កូរ៉េ ជប៉ុន និង​ថៃ​ផងដែរ ហើយ​សុំ​កុំឱ្យ​ដាក់ពាក្យ​បណ្តឹង​លើ​ពលករ ដែល​រត់ចោល​ការងារ ព្រោះ​ពួកគេ​បាន​ចាញ់បោក​ការឃោសនា​របស់ លោក ខឹម វាសនា តែប៉ុណ្ណោះ​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close