ក្រសួងការងារ ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ខណៈភាគីនយោជក និងតំណាងកម្មករកាន់តែខិតជិតគ្នា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាលើកទី៣នៅថ្ងៃនេះ ខណៈភាគីនយោជក និងតំណាងកម្មករកាន់តែឃិតជិតគ្នា។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ៣លើក ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពីចំនួន ២១៥ដុល្លារអាម៉េរិក មកតួលេខ ២១៣ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះ។ ក្រោយការប្រជុំផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងតួលេខពីចំនួន ១៩៤ដុល្លារអាម៉េរិក ទៅតួលេខ ១៩៦ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះដែរ។ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។
នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកផងដែរ។ តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧.៨៦ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។