ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់ កាន់តែ​តានតឹង​ក្រោយ តៃវ៉ាន់​បាត់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​

​នៅ​ថ្ងៃទី​១​ខែកញ្ញា កម្លាំង​ការពារ​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បាន​ចូលមក​ដែនអាកាស នៅលើ​កោះ Kinmen​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា កម្លាំង​ទាហាន​កោះ​តៃវ៉ាន បាន​បាញ់​ទម្លាក់ យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ចូលដល់​តំបន់​ហាម​ឃាត​នៅ​ជិត​កោះ Kinmen នៅ​ថ្ងៃទី ១​ខែកញ្ញា​។ ក្រុម​ទាហាន​កោះ​តៃវ៉ាន់ បាន​បណ្តេញ​យន្តហោះ​គ្មាន​មនុស្ស​បើក ដូច្នេះ​ទាហាន​កោះ​តៃវ៉ាន់​ក៏បាន​សម្រេច​បើក​ការវាយប្រហារ តែម្តង​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ ក្នុង​របាយការណ៍​មួយ​ស្តីពី​យោធា​ចិន ក្រសួងការពារជាតិ​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អះអាងថា ទីក្រុង​ប៉េកាំង​បាននិងកំពុង​សំងំ ធ្វើការ​ហ្វឹកហ្វឺន​វាយប្រហារ​ទៅលើ ក្រុម​នាវា​យោធា​របស់​ស​ហ​រដ្ឋ​អាមេរិក ហើយ​កំពុងមាន​គោលដៅ​រារាំង​មិនឱ្យ កងកម្លាំង​បរទេស​ចូលមក​ជួយ​កោះ​តៃវ៉ាន់ នៅពេលដែល​សង្គ្រាម​ផ្ទុះឡើង​។​

​នៅក្នុង​របាយការណ៍​ខាងលើ​ដែល​ផ្ញើ​ទៅកាន់​សភា​តៃវ៉ាន់ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយថា ចិន​កំពុង​បន្ត​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន សម្រាប់​ការវាយប្រហារ​មកលើ​ដែន​កោះ​នេះ​។ ទីក្រុង​ប៉េកាំង​បាន​ផ្តោត​សំខាន់​ជាពិសេស ទៅលើ​តំបន់​គេ​ហៅថា ខ្សែ​កោះ​យុទ្ធសាស្ត្រ​ទី​១ ដែល​គិត​ចាប់ពី​ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន ហើយ​រត់​កាត់​តាម​តៃវ៉ាន់​, ហ្វីលីពីន រហូត​ទៅដល់​កោះ​Borneo​។​

​បើតាម​ការអះអាង​ក្នុង​របាយការណ៍ គឺ​ចិន​បាននិងកំពុង​ប្រើប្រាស់​ការធ្វើ​សមយុទ្ធ ដើម្បី​ជា​ឱកាស​ហាត់​សមវាយ​ប្រហារ​ទៅលើ ក្រុម​នាវាចម្បាំង​របស់​អាមេរិក ដែល​ធ្វើដំណើរ​ចូលមក​កាន់​តំបន់​ខ្សែ​កោះ​យុទ្ធសាស្ត្រ​ខាងលើ ហើយ​ទីក្រុង​ប៉េកាំង​មាន​គោលដៅ សម្រេច​ឱ្យបាន​នូវ​ការគ្រប់គ្រង​ជា​យុទ្ធសាស្ត្រ​លើ​តំបន់​ខ្សែ​កោះ​នោះ នៅត្រឹម​ឆ្នាំ​២០៣៥​។​

​កាលពី​ក្នុង​ខែសីហា​កន្លងទៅនេះ ភាព​តានតឹង​រវាង​តៃវ៉ាន់​និង​ចិន​បាន​កើនឡើង​កម្តៅ​ជាខ្លាំង ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក គឺ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) នៅ​កោះ​តៃវ៉ាន់ ដែល​បាន​បង្ក​ឱ្យ​ទីក្រុង​ប៉េកាំង មានការ​ខឹងសម្បារ​ជាខ្លាំង ដ្បិត​ចិន​ចាត់ទុក​វា​គឺជា​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close