រដ្ឋមន្ត្រីក្រសួងអប់រំ និងអង្គការយូណេស្កូ បញ្ជាក់ជាថ្មីនូវកិច្ចសហការ ដើម្បីពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា
ឥណ្ឌូណេស៊ី៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយលោកស្រី Stefania Giannini ជំនួយការអគ្គនាយកអង្គការយូណេស្កូ ទទួលបន្ទុកវិស័យអប់រំ បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមការងារអប់រំលើកទី៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំនៃប្រទេសជាសមាជិក G20 ដែលប្រព្រឹត្តទៅចាប់ពីទី៣១ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Giannini បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូនៅកម្ពុជា។ លោកស្រី Giannini បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា សម្រាប់ភាពជាដៃគូជាមួយអង្គការយូណេស្កូក្នុងការជំរុញគុណភាពអប់រំនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពី កំណែទម្រង់វិស័យអប់រំ ដែលត្រូវបានកោះប្រជុំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។