ប្រជាពលរដ្ឋជាង១​ម៉ឺន២ពាន់នាក់បន្ថែមទៀត បានចាកចេញពីចម្ការលោក ខឹម វាសនា​

(សៀមរាប) ៖ ប្រជាពលរដ្ឋជាង១​ម៉ឺន២ពាន់នាក់បន្ថែមទៀត​ បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ គិតត្រឹមរសៀល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

បើតាម​របាយការណ៍របស់អាជ្ញាធរ ត្រឹមថ្ងៃទី៣ ខែកញ្ញា ចំនួនចេញសរុប១២៣១នាក់ ក្នុងនោះស្រី៥៦៤នាក់ ក្មេង ១០៣នាក់ រថយន្ត ៧១គ្រឿង ទោចក្រយាន្តយន្ត ៨៨គ្រឿង រ៉ឺម៉ក ៤០គ្រឿង គោយន្ត ១៦គ្រឿង ខណៈសភាពការណ៍មានភាពស្ងប់ស្ងាត់។

គួរបញ្ជាក់ថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ នាពេលថ្មីៗនេះ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួន ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់ផងដែរ។

ក្នុងការប្រម្ដុំនេះដែរស្រ្តី​ចំនួន​ ៦នាក់​ដែល​ជាសកម្មជនរបស់គណបក្ស LDP ត្រូវ​បា​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​ ហេីយចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពី បទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។​ បន្ទាប់​ពី​ក្រុម​គាត់​បាន​បំពាន​កិច្ចសន្យា និង​ធ្វើ​សកម្មភាព​ប្រឆាំង អ្នករាជការ​សាធារណៈ ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ និង​មានការ​បង្ខាំង​មនុស្ស​មិន​ឱ្យ​ចាក​ចេញពី​ចំការ​លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ មិនតែប៉ុណ្ណោះ​បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ និងបុកបារ៉ាស់របស់សមត្ថកិច្ច​ ថែមទាំងប្រើហិង្សាមកលើសមត្ថកិច្ច ដោយការជេរប្រមាថផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close