ករណីឆេះ​កន្លែង​បញ្ចូល​ហ្គាស​នៅ​ម្តុំ​បឹងបៃតងម្សិលមិញ ​របួស​ធ្ងន់​មនុស្ស​៧នាក់

(ភ្នំពេញ) ៖ របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មនុស្សបុ្រសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឱ្យផ្ទុះឆ្លងផ្លូវឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ ​តាមបណ្ដោយផ្លូវលេខ១៩២៨ មូលដ្ឋានសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៊ីទែនហ្គាស បានចូល​ផ្ទេរហ្គាស ​មិនដឹងជាហេតុអ្វីស្រាប់តែរបូតក្បាលរុំម៉ាណេហ្គាស ​បណ្ដាលឱ្យ​ផ្ទុះឆ្លងផ្លូវ ត្រូវអ្នក​ជិះម៉ូតូរ៉ឺម៉ក​ កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ ​និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ ​បន្ថែមទៀតនោះ​កម្លាំង​ផ្ទុះហ្គាស​បានខ្ទាតមកចំផ្ទះធ្វើម៉ូតូ​ និងរថយន្ត ​បណ្ដាល​ឲ្យឆាប​ឆេះយ៉ាង​សន្ធោសន្ធៅ​។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​និងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យគ្រប់គោលដៅ​ ជួយ​អន្តរាគមន៍បាញ់ពន្លត់ ​ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំក្នុង​លឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរ​ជំនាញបង្កា ​និងពន្លត់អគ្គិភ័យ​លំបាកក្នុងការ​ជួយ​អន្តរាគមន៍ឲ្យ​បាន​ទាន់ពេលវេលា ​តែយ៉ាងណា​អគ្គិភ័យ​មិន​បានរាលដាល​ដល់​ការ៉ាស​សាំង​ក្បែរ​នោះឡើយ។

តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​បណ្ដាលឲ្យមនុស្សប្រុស​ស្រី​ចំនួន០៧នាក់ ​រងរបួសធ្ងន់ធ្ងរ ​ត្រូវបានបញ្ជូន​ទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិយាល័យបង្ការ ​និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ​ម្ចាស់ទីតាំង​ការ៉ាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ​ភេទប្រុស អាយុ៦៩ ឆ្នាំ​ រងរបួសធ្ងន់ធ្ងរ។

លោកនាយការិយាល័យ ​បានឲ្យដឹងថា ក្នុងហេតុការនេះ​បណ្ដាលឲ្យមនុស្សប្រុសស្រីរង របួស០៧នាក់ ​ក្នុងនោះ​ ប្រុស០៦នាក់ ​និងស្រីម្នាក់ ​របួស​ធ្ងន់ទាំងអស់។

លោកនាយការិយាល័យ បានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យមក​ដល់ទីតាំង​កើត​ហេតុចំនួន២២គ្រឿង​ កម្លាំងនគរបាលបានប្រើប្រាស់​ រថយន្តរបស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​ចំនួន១២ ​គ្រឿង ​រថយន្តទីក្រុង ​ជ្រោយចង្វាចំនួន៧គ្រឿង​ រថយន្តស្រាបៀ កម្ពុជា​ចំនួន​១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿង អត់បានប្រើប្រាស់។ ចំពោះមូលហេតុកម្លាំង​អាជ្ញាធរជំនាញ​កំពុង​ធ្វើការស្រាវជ្រាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close