លោក ខឹម វាសនា អនុញ្ញាតិឲ្យអាជ្ញាធរចូលពិនិត្យក្នុងចំការ ខណៈឱសានុវាទចុងក្រោយនៅត្រឹមល្ងាចថ្ងៃទី៥ កញ្ញា
ទីបំផុតទៅអាជ្ញាធរអាចចូលទៅធ្វើការពិនិត្យនៅក្នុងចំការរបស់លោក ខឹម វាសនា មេគណបក្ស LDP ហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ខណៈឱសានុវាទចុងក្រោយបំផុត ដែលតម្រូវឲ្យមនុស្សចាកចេញពីចំការមួយនេះ គឺត្រឹមម៉ោងល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៤ ខែកញ្ញា បើយោងតាមការប៉ាន់ស្មានជាក់ស្តែងគឺមានសមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ប្រមាណជាង ១ ០០០នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចាកចេញពីដីចម្ការ នៅស្រុកបន្ទាយស្រី ហើយបើយោងទៅលើសន្ទុះនៃការចាកចេញ គឺនឹងអស់ត្រឹមយប់នេះ ឬថ្ងៃស្អែក (៥ កញ្ញា) ខណៈពេលដែលអ្នកបានចាកចេញកាន់តែច្រើនទៅៗ។
ឯកឧត្តម បានបន្តថា ក្នុងករណីដែលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មិនមានការចាកចេញអស់ពីទីតាំងចម្ការទាំងពីរកន្លែងនោះទេ នោះរដ្ឋបាលខេត្តនឹងអនុវត្តវិធានការដូចដែលមាននៅក្នុងកិច្ចសន្យារបស់ក្រុមLDP ទាំង០៦នាក់នោះហើយ។
សូមរម្លឹកដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបមុខរបរ ការងារ និងរស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងនោះទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដឹកជញ្ជូនបងប្អូនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជន ឬអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ។
ដោយឡែក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ បុគ្គល ៦នាក់ របស់បក្សLDP និងជាម្ចាស់ទីតាំងដី១២ហិកតា និង២៥ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើកិច្ចសន្យា ដោយទទួលស្គាល់កំហុស ព្រមទាំងសន្យាបញ្ឈប់មិនឱ្យមានការស្នាក់នៅទីតាំងនេះយ៉ាងយូរត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧៖៣០នាទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។