កោះ​ចំនួន​បី​ទៀត​ក្នុង​ខេត្ត​កែប​ត្រូវបាន​ប្រគល់ឲ្យ​​ក្រុមហ៊ុន​ឯកជន​វិនិយោគ​

(កែប) ៖ បន្ទាប់ពី​កោះ​មួយចំនួន និង​កោះទន្សាយ​ដែល​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ កោះ​ចំនួន​បី​បន្ថែមទៀត​ស្ថិតនៅ​ដែនសមុទ្រ​ខេត្ត​កែប​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ឲ្យ​ក្រុមហ៊ុន SAMANEA CO., LTD វិនិយោគ​ដោយ​ប្រើប្រាស់​ទុន​ចំនួន​១៨,២​លាន​ដុល្លារ​។​

​លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា ខេត្ត​កែប​មាន​កោះ​ចំនួន​១២ និង​ថ្ម​ប៉ប្រះ​ទឹក​មួយ​ដែល​ពោរពេញ​ដោយ​សក្តានុពល​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។ កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឲ្យ​ក្រុមហ៊ុន SAMANEA CO., LTD វិនិយោគ​លើ​កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក​ស្ថិតនៅ​ភូមិសាស្ត្រ​សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​ក្នុង​ទំហំ​ទឹកប្រាក់​១៨,២​លាន​ដុល្លារ​។ គម្រោង​វិនិយោគ​នេះ ក្រុមហ៊ុន​នឹង​ផ្តល់ឱកាស​ការងារ​បាន​ប្រមាណ​៦០​កន្លែង​ផងដែរ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ក្រៅពី​កោះ​ទាំងបី ក្រុមការងារ​របស់​ក្រុមប្រឹក្សារ​អភិវឌ្ឍន៍​កម្ពុជា​ក៏បាន​ចុះមក​ពិនិត្យ​កោះត្បាល់​មួយទៀត​ផ្អែក​តាម​ការស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​កោះទន្សាយ​។ តាមរយៈ​កិច្ចសហការ​រវាង​វិស័យ​រដ្ឋ និង​ឯកជន​លោក​សង្ឃឹមថា​ខេត្ត​កែប​នឹង​ទទួលផល​ជា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​អាច​ផ្តល់​កន្លែង​ការងារ​សំដៅ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​នោះ​។ ដូចនេះ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​លេចចេញ​ជា​រូបរាង​ឡើង កត្តា​ដែល​សំខាន់​គឺ​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ត្រូវខិតខំ​ជំរុញ និង​អនុវត្ត​ទាំងអស់គ្នា​។

​គួរ​បញ្ជាក់ថា ក្នុងចំណោម​កោះ​ដែល​ត្រូវ​រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នោះ​គឺ​មានតែ​កោះទន្សាយ​មួយ​ប៉ុណ្ណោះ​កំពុង​មមាញឹក​ក្នុងការ​សាងសង់​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍​។ កោះ​ក្រៅពីនោះ​គឺ​ក្រុមហ៊ុន​ដទៃទៀត​ទុក​នៅ​ទំនេរ​ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​អស់​រយ​:​កាល​យូរ​ឆ្នាំ​មកហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close